សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលបានរួមចំណែកជាមួយជនរួមជាតិស្ដារវិស័យអប់រំពីគំនរផេះផង់ ក្លាយ ទៅ ជាប្រព័ន្ធអប់រំបែបទំនើប
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផលដែលបាន ប្រែក្លាយវិស័យអប់រំពីគំនរផេះផង់ ទៅជាប្រព័ន្ធអប់រំបែបទំនើប ។
សម្តេចតេជោ បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី ទៀត ដែល ស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ។ សម្ដេចថា វាមិនមែនជាការចៃដន្យទេ វាមិនមែនទេវតាប្រទាននោះទេ ។ សម្ដេចតេជោ ពិតជាមានមោទនភាពដែលបានរួមចំណែកជាមួយបងប្អូនជនរួមជាតិជាមួយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យក្នុងរយៈពេល ៤៤ឆ្នាំកន្លង ទៅនេះ គឺបានស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់ ក្លាយ ទៅ ជាប្រព័ន្ធអប់រំមួយ មានលក្ខណៈទំនើបជាបណ្ដើរៗ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ដែលបានធ្វើ កំណែទម្រង់ លើវិស័យអប់រំបានយ៉ាងល្អប្រសើរ ហើយសម្តេចសង្ឃឹមថា កំណែទម្រង់នេះ នឹងនៅតែបន្តទៅមុខទៀត សំដៅពង្រឹងការអប់រំ និងធានាគុណ នៃការបណ្តុះបណ្តាល។ ចំណុចនេះ សម្ដេច បន្តអំពាវនាវឱ្យ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ត្រូវបន្តពង្រឹង គុណភាពសិក្សារបស់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ ប្រកាសច្រានចោល និងពន្យល់ពលរដ្ឋឱ្យយល់ ពីការរិះគន់របស់ក្រុមមួយក្តាប់តូច ខណៈដែលពួកគេទាំងនោះ បានចេះដឹងដោយសារការបណ្តុះបណ្តាល និងរៀនក្រោមសាលាដែលសាងសង់ឡើងដោយអ្នក ដែលខ្លួនបានរិះគន់៕ ដោយ វណ្ណលុក


