លោកជំទាវ ឱ វណ្ឌឌីន៖ ព័ត៌មានក្លែងក្លាយ បានរារាំងដល់ពលរដ្ឋក្នុង ការទទួលបានវ៉ាក់សាំងកូវីដ១៩
សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា ដោយ សារ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មានមួយ ចំនួននាពេល កន្លងមក បានផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ បាន រារាំងដល់ ដំណើរ ការចាក់វ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ នៅក្នុងសហគមន៍។
នៅក្នុងសិក្ខាសាលាពិនិត្យឡើងវិញការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀម រាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស លោកជំទាវ ឱ វណ្ឌឌីន បានលើកឡើងពីបទ ពិសោធន៍ ដែលធ្លាប់ឆ្លងកាត់កន្លងមមកពាក់ព័ន្ធកូវីដ១៩។
លោកជំទាវថ្លែងថា៖«បទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់នៃការជន់លិចប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មានមួយ ចំនួន ដែល ព័ត៌មាន ខ្លះជាព័ត៌មានមិនត្រឹមត្រូវ ឬមិនពេញលេញ ឬព័ត៌មានក្លែង ក្លាយ និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យច្របូកច្របល់ ដែលរារាំង ការចូលរួមការឆ្លើយតប របស់បងប្អូនប្រជាពលរដ្ឋរបស់ យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ នាពេលកន្លងទៅនេះ»។
លោកស្រីបន្ថែមថា ដើម្បីឆ្លើយតបទៅបញ្ហានេះ ដូចនេះហើយការ ពង្រឹង លើប្រព័ន្ធផ្លូវការ និងមិនផ្លូវការ ដើម្បីកសាងសមត្ថភាពលើ ការប្រាស្រ័យទាក់ទងហានិភ័យ និងការចូលរួមរបស់សហគមន៍ ឱ្យកាន់តែរឹងមាំ ជាចំណុចដែលត្រូវយកចិត្តទុកដាក់ឱ្យកាន់ តែខ្លាំង ដើម្បីអាចត្រៀមខ្លួនឆ្លើយតបជំងឺរាតត្បាតថ្មីៗទៀត និងដើម្បីធានាបាន នូវការត្រៀមខ្លួនសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈនាពេលអនាគត។
ជាមួយគ្នានោះ លោកជំទាវ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ទាំងអស់ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការនេះ ក៏ដូចជា ស្នើសុំ ការបន្តចូលរួមសហការ ដោយម៉ត់ចត់ដោយមានជំនួយ បច្ចេកទេស ពីអង្គការសុខភាពពិភពលោក និងអង្គការពាក់ព័ន្ធ ដទៃទៀត ដើម្បីរិះរកនិងឆ្លុះបញ្ចាំងនូវចំនុចខ្លាំងដែលយើងត្រូវធ្វើបន្ត និងចំនុចខ្វះខាតដើម្បីឱ្យយើងរួមគ្នាកែតម្រូវបន្ថែមទៀតនៅក្នុងផែនការសកម្មភាត្រៀមរៀបចំសង្គ្រោះបន្ទាន់របស់កម្ពុជា RCCE/SBC ថ្មី ២០២៣-២០២៤ ដែលអនុលោមតាមច្បាប់និយ័តកម្មសុខភាព អន្តរជាតិផងដែរ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងត្រូវរួមគ្នាសម្លាប់ព័ត៌មានបំភ្លៃការពិត និងកម្ចាត់ ចោល នូវព័ត៌មានក្លែងបន្លំ ។សម្ដេច ថ្លែងដោយសង្កត់ធ្ងន់ៗ ថា ៖«ព្រោះព័ត៌មានក្លែងបន្លំពិភពលោកទាំងមូលគេកំពុងប្រយុទ្ធប្រឆាំងជាមួយវា។ ដូច្នេះមិនត្រូវទុកឱ្យរស់នៅលើទឹកដីកម្ពុជាទេ ព្រោះព័ត៌មា នក្លែងកា្លយអាក្រក់ សាហាវ វាមិនមែនជាដំណើរប្រជាធិបតេយ្យ មិនមែនជាសិទ្ធិសេរីភាពបញ្ចេញមតិទេ»៕
ដោយ៖សុខ រក្សា

