សម្តេចតេជោ ហ៊ុន សែន ៖ យើងចាំមើលប្រតិកម្មរបស់ប្រទេស មហាអំណាចនានា ក្នុងថ្ងៃខួប១ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើងរង់ចាំមើល និងស្ដាប់សេចក្តីថ្លែងការណ៍របស់ប្រទេស មហាអំណាចនានា ដែលថ្ងៃនេះ ជាខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី ចូលអ៊ុយក្រែន។

សម្តេចបន្តថា រឿងនេះ វាស្មុគស្មាញ ហើយក៏វាពាក់ព័ន្ធដល់កម្ពុជាផង។ ការផ្គត់ផ្គង់ស្បៀង ក៏ជាបញ្ហាសំខាន់មួយដែលយើងកំពុងខិតខំពង្រឹង នូវការគ្រប់គ្រងស្បៀងរបស់យើង។ សម្តេចថា ស្ថានភាពស្បៀងនៅកម្ពុជា គឺយើងគ្រប់គ្រងបាន, អតិផរណាក៏គ្រប់គ្រងបានល្អ ។ យើងចង់ឲ្យអតិផរណា ទាបជាងនេះ ប៉ុន្តែវាមិនអាចចុះបានទៀតទេ ហើយដែលសំខាន់ជាងគេ គឺតម្លៃប្រេងតែម្ដង, បើតម្លៃប្រេងវាឡើង គឺវាជាបញ្ហាគ្រប់ប្រទេសទាំងអស់ មិនមែនតែកម្ពុជានោះទេ ព្រោះសម័យ នេះ វាមិនមែនជាសម័យដឹកទំនិញតាមរទេះគោ, រទេះក្របី, រទេះសេះទៀតទេ គឺជាសម័យដឹកទំនិញដោយប្រើប្រាស់ប្រេងឥន្ធនៈ ដូចនេះ បើប្រេងឡើងថ្លៃ វាធ្វើឱ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ, គឺវានឹងធ្វើឲ្យទំនិញ នៅលើទីផ្សារក៏វាឡើងថ្លៃ។ ដូច្នេះផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុជា គឺផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

សម្តេចបានបន្តទៀតថា ប៉ុន្តែយើងក៏មានសំណាងដែរ ដោយប្រទេសពីរ នៅក្បែរយើង មានសេដ្ឋកិច្ចល្អ គឺប្រទេសវៀតណាម ដែលមានកំណើនសេដ្ឋកិច្ចល្អ និងអតិផរណាទាប ហើយសេដ្ឋកិច្ចរបស់ថៃ ក៏ស្ថិតក្នុងស្ថានភាពល្អ , មានតែឡាវទេដែលអតិផរណាមានដល់ ៤០ភាគរយ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner