ក្រសួងសាធារណការ បើកសិក្ខាសាលាស្ដីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សា សមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ
ភ្នំពេញ៖ ក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹក កខ្វក់នៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន រូបទៀត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកខ្វក់ បានទាន់ពេលវេលា ដើម្បីកុំឱ្យទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ ក្នុងនោះដែរ ត្រូវប្រើប្រាស់លូមេចំនួន១៥៧គីឡូម៉ែត្រ ដើម្បីបង្វែរទឹកកខ្វក់ចូលទៅក្នុងអាងចម្រោះទឹកកង្វក់នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា បើសិនជាយើងមិនបានធ្វើអាងចម្រោះទឹកកខ្វក់ឱ្យបានលឿននោះ ទេ គឺយើងនឹងមិនអាចថែរក្សាឆ្នេរសមុទ្រដ៏ស្អាតរបស់យើងបាននោះទេ ជាក់ស្តែងអាងចម្រោះទឹកនៅពេលបច្ចុប្បន្ននេះ គឺមិនអាចចម្រោះទឹកកខ្វក់បានគ្រប់គ្រាន់នោះទេ ដូច្នេះហើយ យើងនឹងព្យាយាមកែច្នៃធ្វើអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកឱ្យបាន៤ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២១។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា នៅខេត្តព្រះសីហនុត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកង្វក់បានទាន់ពេលវេលា ដើម្បីកុំឱ្យហូរចូលទៅក្នុងសមុទ្រ ក្នុងនោះដែរទឹកប្រើប្រាស់លូមេចំនួន១៥៧គីឡូម៉ែត្រ ដើម្បីបង្វែរទឹកកង្វក់ចូលទៅក្នុងអាងចម្រោះទឹក ដែលក្នុងនោះដែរនៅមានលូរង សម្រាប់បង្ហូរចេញពីផ្ទះសំណាក់ និងសណ្ឋារគាររាប់រយគីឡូម៉ែត្រទៀត ដើម្បីបង្ហូរចូលទៅលូមេ ដែលនេះគឺត្រូវចំណាយថវិកាយ៉ាងច្រើនផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំណូលដែលត្រូវយកមកប្រើប្រាស់ក្នុងការធ្វើអាងចម្រោះទឹក ដើម្បីឱ្យសម្រេចតាមគោលដៅនេះ នឹងត្រូវយកពីផ្ទះសំណាក់ សណ្ឋាគារ នឹងផ្ទះរបស់ប្រជាពលរដ្ឋខ្លះផងដែរ ដើម្បីយកមក ជួសជុស សាងសង់ និងទុកសម្រាប់ថែទាំអាងចម្រោះទឹកកង្វក់នេះផងដែរ។
បើយោងតាមសេចក្តីព្រាងផែនការមេ បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុត្រូវបានប៉ាន់ប្រមាណថា មានចំនួន ប្រមាណ ២៥,៧០០ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ ៤៧,០០០ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ ៦៤,០០០ ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០៣០។ ផែនការមេ បានបែងចែកផ្ទៃប្រមូលទឹកកខ្វក់ចំនួន៨ ដោយត្រូវ សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤ និងការសាងសង់បណ្តាញលូមេប្រវែង១៥៧គីឡូម៉ែត្រ បណ្តាញលូមេរង ប្រវែង ៦៥គីឡូម៉ែត្រ និងបណ្តាញលូលូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ២១០គីឡូម៉ែត្រ។ តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុកាលពីឆ្នាំកន្លងទៅ ក្រុងព្រះសីហនុបានទទួលភ្ញៀវទេសចរ សរុបប្រមាណជាង ២លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៤៧០,០០០នាក់។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ពីសន្ទុះអភិវឌ្ឍដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុ ក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់សម្រាប់រយៈពេលខ្លី មធ្យម និងវែង ការវិនិយោគលើការសាងសង់ហេដ្ឋា-រចនាសម្ព័ន្ធ លើប្រព័ន្ធទឹកកខ្វក់នឹងត្រូវរៀបចំឡើងដូចខាងក្រោម៖
-ក្នុងឆ្នាំ២០១៩-២០២១ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់១ នឹងត្រូវសាងសង់ជាមួយនឹងសមត្ថភាពធ្វើប្រព្រឹត្តកម្មបាន៤ម៉ឺន ម៉ែត្រគូប/ថ្ងៃ ស្ថានីយបូមបញ្ជូនទឹកកខ្វក់៦កន្លែង និងលូមេតាមបណ្តោយឆ្នេរសមុទ្រ៤៥គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម ៤៧គីឡូម៉ែត្រ។
-ក្នុងឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែង ៣៩,៨គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ៩២,១គីឡូម៉ែត្រ។
-ក្នុងឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសមត្ថភាពប្រព្រឹត្តកម្មដល់ ៦ម៉ឺនម៉ែត្រគូប ឬ ៨ម៉ឺនម៉ែត្រគូប/ថ្ងៃ។
យោងតាមតម្រូវការ នឹងសាងសង់ស្ថានីយចំនួន២ទៀត ដែលមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មបានពី៨ពាន់ម៉ែត្រ គូប/ថ្ងៃ ទៅ ៩ម៉ឺនម៉ែត្រគូប/ថ្ងៃ និងស្ថានីយបូមបញ្ជូនទឹកកខ្វក់ ២កន្លែង រួមជាមួយលូមេប្រវែង ៤៣គីឡូម៉ត្រ លូមេរង ប្រវែង ២៤,៩គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ៧១,២គីឡូម៉ែត្រ៕ធ.ដ







