នាយកប្រតិបត្តិធនាគារចិនលោក Bao Fan កំពុងជាប់ក្នុងដំណើរការស៊ើបអង្កេតមួយរបស់អាជ្ញាធរចិន

ចិន៖ធនាគារឯកជនចិន China Renaissance បានឱ្យដឹងថា មហាសេដ្ឋីដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃធនាគារនេះ គឺលោក Bao Fan ដែលគេរាយការណ៍ថាបានបាត់ខ្លួនកាលពី ១០ ថ្ងៃមុន កំពុងសហការជាមួយអាជ្ញាធរចិន ក្នុងដំណើការស៊ើបអង្កេត មួយ។
ការប្រកាសនេះធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបានហក់ឡើងវិញដល់ ៩ ភាគរយនៅថ្ងៃចន្ទ ក្រោយធ្លាក់ចុះយ៉ាងគំហុករហូតដល់ជិត ៣០ ភាគរយ បន្ទាប់ពីក្រុមហ៊ុនបានឱ្យដឹងនៅថ្ងៃទី ១៦ ខែកុម្ភៈថា ក្រុមហ៊ុន មិនអាចទាក់ទងលោក Bao បានឬលោកBaoបានបាត់ខ្លួន មិនដឹងមូលហេតុ។
ព័ត៌មានចុងក្រោយ ក្នុងករណីនេះធនាគារវិនិយោគដែលមានមូលដ្ឋាន នៅទី ក្រុងប៉េកាំងមួយនេះ មិនបានបង្ហាញពីព័ត៌មានលម្អិតអំពីការ ស៊ើប អង្កេតពាក់ព័ន្ធនឹងលោក Bao ឬបញ្ជាក់អំពីអាជ្ញាធរស៊ើប អង្កេតណាមួយក៏នោះទេ។ ប៉ុន្តែក្រុមហ៊ុនបានរំឭកឡើងវិញថា អាជីវកម្ម និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅតែមានលក្ខណៈធម្មតា។
នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន China Renaissance បានប្រកាសពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់លោក Bao Fan។ មុននោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយស្រង់សម្ដីប្រភព ផ្សេងៗថា អាជ្ញាធរចិនបាននាំខ្លួនលោក Bao កាលពីដើមខែកុម្ភៈនេះ ដើម្បីឱ្យចូលខ្លួនជួយក្នុងការស៊ើបអង្កេតលើអតីតសហសេវិករបស់លោក គឺលោក Cong Lin ជាអតីតប្រធានក្រុមហ៊ុន China Renaissance ។
លោក Cong ក៏ធ្លាប់ជាប្រធានក្រុមហ៊ុនមូលបត្រ Huajing Securities ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Renaissance ផងដែរ។ ការិយាល័យនិយតកម្មមូលបត្រសៀងហៃរបស់ចិន បាននិយាយកាល ពីខែកញ្ញាឆ្នាំមុនថា ក្រុមហ៊ុន Huajing បានរំលោភលើលក្ខខណ្ឌ តម្រូវនៃច្បាប់មូលបត្រទាក់ទងនឹងអភិបាលកិច្ចសាជីវកម្ម ហើយ បានស្នើឱ្យ លោក Cong អនុវត្តតាមការស៊ើបអង្កេតរបស់អាជ្ញាធរ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន China Renaissance ក៏មិនបានទម្លាយ ព័ត៌មាន ផងដែរ។
គួររំឭកផងដែរថា លោក Bao គឺជាឥស្សរជនដ៏សំខាន់មួយរូបនៅ ក្នុងឧស្សាហកម្មបច្ចេកវិទ្យាចិន ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការបង្កើតការចាប់ផ្តើមអាជីវកម្ម(ឬស្ដាតអាប់)អ៊ីនធឺណិត ដ៏ធំ នៅចិន។ ការបាត់ខ្លួនរបស់លោក គឺជារឿងចុងក្រោយបង្អស់ នៃ ករណីនាយកប្រតិបត្តិចិនល្បីៗ ដែលបាត់ខ្លួនដោយមានការបកស្រាយ តិចតួច ក្នុងអំឡុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលដឹកនាំដោយ លោកប្រធានាធិបតី ស៊ី ជិនពីងចាប់តាំងពីឆ្នាំ២០១៥មក៕
ដោយ៖ហួន ឌីណា

ads banner