អ្នកនាំពាក្យ ៖ ស្ថានភាពជំងឺផ្តាសាយបក្សី H5N1 ក្នុងខេត្តព្រៃវែង កំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ
ភ្នំពេញ៖មន្រ្តីអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹង នៅ ថ្ងៃ ទី២៧ ខែកុម្ភៈ ថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1ដែលកើត មាន នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ពេល នេះកំពុងស្ថិតក្រោមការគ្រប់គ្រងហើយ ដោយរកឃើញមានតែពីរ ករណី ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍។
នេះជា ការលើកឡើងពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពីបច្ចុប្បន្នភាពជំងឺ ផ្ដាសាយបក្សី H5N1 នៅខេត្តព្រៃវែង។
លោកជំទាវមានប្រសាសន៍ថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1 ពេលនេះកំពុងស្ថិតក្រោមការ គ្រប់គ្រងហើយ។ មានតែ ពីរករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ដែលបញ្ជាក់ ដោយ មន្ទីរពិសោធន៍។ ក្មេងស្រីម្នាក់ អាយុ ១១ឆ្នាំ ៦ខែ បានទទួល មរណភាព ហើយឪពុករបស់នាង បានបញ្ជាក់ ថា មានផ្ទុកមេរោគ H5N1 ក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ៖ «ខ្ញុំគិតថា យើងមិន ទាន់មានសញ្ញាណាដែលបង្ហាញថាវាមានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលយើងកំពុងរងចាំគឺការធ្វើការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលគាត់បានចុះទៅអង្កេត និងស្រាវជ្រាវពីករណីនេះ ប៉ុន្តែមកដល់ ពេលនេះ យើងមិនទាន់រកឃើញថាមានការឆ្លងទៅណាទៀតទេ ដែលនេះក៏ជាសញ្ញាមួយដ៏ល្អសម្រាប់យើង ដែលយើងអាចគ្រប់ គ្រងបានទាំងស្រុងហើយផងដែរនូវស្ថានភាពជំងឺនេះក្នុងតំបន់នោះ»។
អ្នកនាំពាក្យរូបនេះ បានបន្តថា បន្ទាប់ពីព្យាបាលគាត់ វត្ថុសំណាក បន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផល អវិជ្ជមានបញ្ជាក់នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែគាត់នៅតែស្ថិតក្នុង មន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនទាន់ឱ្យ គាត់ ចេញទៅណានោះទេ ដូចទៅនឹងករណីជំងឺឆ្លងមួយចំនួនផងដែរ ដែល យើងត្រូវប្រុងប្រយ័ត្ន។ ដូច្នេះក្រុមគ្រូពេទ្យឱ្យគាត់ស្នាក់នៅបន្ត និង ធ្វើការ តាមដានទៀតដើម្បីឱ្យមានភាពច្បាស់លាស់ ហើយគាត់នៅ បន្ត ពិសារថ្នាំ ហើយថ្នាំនេះមិនអាចឱ្យគាត់យកទៅពិសារ ខ្លួនគាត់ កើត ទេ គឺត្រូវឱ្យមានការត្រួតពិនិត្យត្រឹមត្រូវពីក្រុមគ្រូពេទ្យ ហើយគាត់ក៏ត្រូវ ពិសារឱ្យគ្រប់ចំនួនថ្ងៃត្រឹមត្រូវផងដែរ និងត្រូវពិនិត្យពិច័យ ជាបន្តទៀត ដែរ។
បើតាមអ្នកនាំពាក្យរូបនេះ សរុបវត្ថុសំណាកចំនួន ២៩ ក្នុងនោះអ្នក ប៉ះពាល់ ផ្ទាល់ ១៦នាក់ និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់ ដែលប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដោយ ឱ្យ ប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និង អនុវត្តវិធានការការពារដោយការលាងដៃជាមួយនឹងសាប៊ូ និងទឹក ស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ ជាដើម។
លោកជំទាវថា ៖ «បើមានករណីសង្ស័យ ត្រូវរាយការណ៍មក អាជ្ញាធរ សុខាភិបាលមូលដ្ឋាន ឬបើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យ សុខភាព នៅមន្ទីរពេទ្យក្បែរនោះ ឬទូរសព្ទទៅលេខ ១១៥»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែកុម្ភៈនេះថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីនៃជំងឺ ផ្តាសាយ បក្សីចំនួន២ករណី បន្ទាប់ពីមិនបានរកឃើញវីរុសនេះ លើ ខ្លួនមនុស្សអស់រយៈពេល ៩ឆ្នាំកន្លងមកហើយនៅកម្ពុជា ដែលករណី ចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈនេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។
ក្រសួងបានបន្ថែមថា ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅ កម្ពុជាក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុស ផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេដែល មានជីវិត៕
ដោយ៖នាង សុគន្ធា