អូស្ត្រាលីគ្រោងកែទម្រង់ច្បាប់សន្តិសុខតាមអ៊ីនធឺណិត និងបង្កើត ទីភ្នាក់ងារ ឃ្លាំមើលអ៊ីនធឺណិត

កង់បេរ៉ា៖រដ្ឋាភិបាលអូស្ត្រាលីនិយាយនៅថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹង កែសម្រួលច្បាប់សន្តិសុខតាមអ៊ីនធឺណិតរបស់ខ្លួននិងបង្កើតទីភ្នាក់ងារមួយដើម្បីត្រួតពិនិត្យការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យមួយនេះ ដើម្បីជួយសម្របសម្រួលការឆ្លើយតបការវាយប្រហាររបស់ពួកហែកឃឺរ។
ជំហានបែបនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃការប្រហារតាមអ៊ីនធឺណិតចាប់តាំងពីចុងឆ្នាំមុន ដោយក្រុមហ៊ុនយ៉ាងហោចណាស់ ប្រាំបី រងការវាយប្រហារបែបនេះ។

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានថ្លែង ក្នុង អំឡុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យអ៊ីនធឺណិត ថា ច្បាប់សន្តិសុខតាមអ៊ីនធឺណិត គោលនយោបាយ និងបទប្បញ្ញត្តិ របស់រដ្ឋាភិបាល «មិនស្ថិតក្នុងកម្រិតដែលយើងត្រូវការវានោះទេ»។
លោក Albanese បានបន្តថា៖ «វាជាការគំរាមកំហែងដែល វិវត្ត យ៉ាងឆាប់រហ័ស ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេស អូស្ត្រាលីបានដើរក្រោយគេ»។

តាមរយៈនេះ រដ្ឋាភិបាលនឹងបង្កើតអ្នកសម្របសម្រួលសម្រាប់ សន្តិសុខ តាមអ៊ីនធឺណិត ដែលគាំទ្រដោយការិយាល័យជាតិ នៃ ក្រសួងកិច្ចការផ្ទៃក្នុង ដែលមានភារកិច្ចធានាឱ្យភ្នាក់ងាររដ្ឋាភិបាល ធ្វើការរួមគ្នាក្នុងអំឡុងពេលមានឧប្បត្តិហេតុតាមអ៊ីនធឺណិត។

អ្នកសម្របសម្រួលក៏នឹងត្រួតពិនិត្យយុទ្ធសាស្ត្រវិនិយោគរបស់រដ្ឋាភិបាលលើសន្តិសុខអ៊ីនធឺណិត និងជួយដឹកនាំការឆ្លើយតបនៅពេលដែល ពួកហែកឃ័រធ្វើការវាយប្រហារ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលីបានបោះពុម្ភផ្សាយឯកសារ ពិភាក្សា ស្តីពីយុទ្ធសាស្ត្រសន្តិសុខអ៊ីនធឺណិតថ្មី ដែលមានគោលបំណងអនុវត្ត នៅឆ្នាំក្រោយ ហើយកំពុងស្វែងរកមតិកែលម្អអំពីរបៀបដែល អាជីវកម្ម អាចកែលម្អសន្តិសុខអ៊ីនធឺណិតរបស់ខ្លួនក្នុងភាពជាដៃគូ ជាមួយរដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកស្រី Clare O’Neil បាននិយាយថា ទោះបីជារដ្ឋាភិបាល និងវិស័យឯកជនកំពុងអនុវត្តវិធានការសន្តិសុខ យ៉ាងសំខាន់ក៏ដោយ ប៉ុន្តែច្បាប់បច្ចុប្បន្នមិនធានាឱ្យមានការសម្រប សម្រួលដោយរលូនក្នុងអំឡុងពេលឧប្បត្តិហេតុតាមអ៊ីនធឺណិតកើតមាននោះទេ។ លោកស្រីបន្តថា ច្បាប់ដែលមានស្រាប់បន្សល់ទុកពីរដ្ឋា ភិបាលចាស់ ទាមទារឱ្យមានការកែទម្រង់ ដើម្បីភាពប្រសើរឡើង៕
ដោយ៖ហួន ឌីណា

ads banner