លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជួបសវនាការជាមួយនាយិកាអង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា
ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាក បាទ ក្រហមកម្ពុជានិងជាប្រធានក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃ វេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ អេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអញ្ជើញទទួលជួបសវនាការ ជាមួយលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន (Patricia Ongpin) នាយិកា អង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា (UNAIDS)ដែលជំនួបនេះបាន ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នា ថ្ងៃ ចន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បាន សម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយដោយ សម្តេច មិនអាចអញ្ជើញមកជួបលោកស្រីដោយផ្ទាល់បាន។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានជម្រាបជូនអំពី ការងារ សំខាន់ៗនិងកិច្ចខិតខំប្រឹងប្រែងរបស់កាកបាទ ក្រហមកម្ពុជា ចាប់តាំងពីមុនពេល និងបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី១ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០០៦ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ នៅ កម្ពុជា ដើម្បីចូលរួមឱ្យសម្រេចបានយុទ្ធសាស្ត្រសូន្យបី គឺ សូន្យ គ្មានការឆ្លងមេរោគអេដស៍ថ្មី សូន្យគ្មានការស្លាប់ដោយសារមេរោគ អេដស៍ និងសូន្យគ្មានការរើសអើងចំពោះអ្នក ជំងឺមេរោគអេដស៍។
ក្នុងជំនួបខាងលើនេះតំណាងភាគីទាំងពីរបានលើកឡើងពីបញ្ហានៃការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលមក ទល់បច្ចុប្បន្នមាន ប្រមាណ ២ភាគរយប៉ុណ្ណោះ ហើយក្នុងចំណោមនេះភាគច្រើនគឺជា អ្នកផ្ទុកមេរោគអេដស៍ខ្លួនឯងដែល មានការរើសអើងចំពោះខ្លួនឯង។ បញ្ហាប្រឈមមួយចំនួនទៀតដែលបានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរគឺបញ្ហាដែល កំពុងតែកើតមានឡើងទៅលើក្រុមប្រឈមខ្ពស់ ទាំង៤, បញ្ហាដែលអ្នកផ្ទុកមេរោគអេដស៍មិនព្រមទៅទទួលយកឱសថប្រឆាំងមេរោគអេដស៍ ក៏ដូចជាការកើនឡើងនូវអត្រាឆ្លងមេរោគអេដស៍ពី ម្តាយទៅទារក ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ ហេតុដូចនេះ អ្វីដែលជាការគិតគូររួមគ្នារវាងកាកបាទក្រហមកម្ពុជា ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ និងអង្គការយូអិនអេដស៍គឺត្រូវបន្តលើកកម្ពស់ ការអប់រំផ្សព្វផ្សាយនិងគិតគូរដល់ទារក/កុមារដែលកើតមកហើយ មានផ្ទុកមេរោគអេដស៍នោះ បានទទួលការព្យាបាលដោយឱសថប្រឆាំ មេរោគអេដស៍។
អ្វីដែលជាការចាប់អារម្មណ៍របស់ លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានបញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំមួយរូប, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនមានភាពឈ្លាសវៃនិងមានទស្សនវិស័យខ្ពស់ក្នុងការចូលរួមបញ្ចប់វិសមភាពនៃការទទួលសេវា ដែលក្នុងន័យនេះ កម្ពុជា បានធ្វើឱ្យសេវានៃការទទួលបានការព្យាបាលនេះមិនស្ថិតនៅតែក្នុងទីក្រុង នោះឡើយគឺបានរីកសាយគ្របដណ្តប់រហូតទៅដល់សហគមន៍។ទន្ទឹមនឹងនេះគឺការចាប់អារម្មណ៍ចំពោះការពង្រឹងនិងពង្រីកការអប់រំផ្សព្វផ្សាយពីការទប់ស្កាត់មេរោគអេដស៍ជំងឺអេដស៍នេះឱ្យបានស៊ីជម្រៅនិងទូលំទូលាយដល់ចំណោមក្រុមប្រឈមខ្ពស់ទាំង៤យុវវ័យយុវជននិងនិស្សិតនៅតាមសាកលវិទ្យាល័យដោយសារការយល់ដឹងរបស់យុវជនបច្ចុប្បន្ននេះមានការធ្លាក់ចុះដោយសារវិបត្តិជំងឺ-១៩ ហើយ ដែល នេះគឺជាចំណុចត្រូវយកចិត្តទុកដាក់រួមគ្នា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានជម្រាបជូន លោកស្រី នាយិកាអង្គការយូអិនអេដស៍ ពីយន្តការក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានរៀបចំឡើង និងកែសម្រួល ឡើងវិញនៅឆ្នាំ២០១៩ ហើយបានគ្របដណ្តប់ទៅដល់សាខា ទាំង២៥ រាជធានី-ខេត្តនៅឆ្នាំ២០២០ ដែលបាននិងកំពុងអនុវត្តការងារ ធ្វើការ អប់រំផ្សព្វផ្សាយទូលំទូលាយបានទៅដល់សហគមន៍ ដែលក្នុងចំណុច នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនតែងតែផ្ញើសារលិខិតផ្ញើ ជូ ន បងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ, ទិវាឆ្មបជាតិ-អន្តរជាតិ៥ឧសភានិងទិវាពិភព លោកប្រយុទ្ធ នឹង ជំងឺអេដស៍ ១ធ្នូ។
លោកស្រីនាយិកាអង្គការយូអិនអេដស៍ក៏បានចែករំលែកបទពិសោធន៍នៃការបំពេញការងារនៅតាមបណ្តាប្រទេសនៅអាហ្វ្រិក ដែលមាន អត្រាប្រេវ៉ាឡង់ខ្ពស់ ដែលបណ្តាប្រទេសទាំងនោះបានប្រើវិធី សាស្ត្រ ថ្មីៗ ប្រើប្រាស់ឱសថថ្មីៗទប់ស្កាត់ ការចម្លងមេរោគអេដស៍នេះ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា យើងប្រើឱសថបង្ការមេរោគ អេដស៍ ជាមុន (ប្រឹប) ដែលបានប្រើនៅក្នុងចំណោមក្រុមគោលដៅ ប្រឈម ខ្ពស់។ ចំណុចនេះ យូអិនអេដស៍ក៏បានបញ្ជាក់ពីការសិក្សា បន្ថែមទៀតដោយប្រើថ្នាំចាក់សម្រាប់ព្យាបាល ប៉ុន្តែការប្រើ ថ្នាំ ចាក់នេះមានតម្លៃខ្ពស់ ដែលយូអិនអេដស៍កំពុងតែគិតគូរចរចា ជាមួយ អ្នកផលិតថ្នាំ ធ្វើយ៉ាងណាឱ្យមានតម្លៃទាបណាមួយ ដែលម្នាក់ៗអាច ទទួលយកសេវាព្យាបាលបាន។
ទន្ទឹមនឹងនេះ ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់លោកស្រីនៅកម្ពុជា លោកស្រី មានសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ច សហប្រតិបត្តិការបន្តប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាសកលរួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺ កូវីដ-១៩ ដែលមិនទាន់ទៅណាឆ្ងាយពីមនុស្សជាតិយើងដែរ៕
ដោយ៖ គ្រី សម្បត្តិ