សម្តេចតេជោ ហ៊ុន សែន សូមសិង្ហបុរី ជំរុញឱ្យទេសចរណ៍ ដែលមកដល់សិង្ហបុរីហើយ បានបន្តមកដល់កម្ពុជាផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសេវាសុខាភិបាលផងដែរ
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមសិង្ហបុរី ជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរីហើយ បានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម LAU បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយពេលនេះឯកឧត្តម ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថេរភាព ។
ឯកឧត្តម LAU បានគោរពសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ19 , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។
ឯកឧត្តម LAU បានបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែបានដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែខ្លាំងឡើង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម LAU ដែលបានវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា និងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្ដេចតេជោ បន្តថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ សម្ដេច បានថ្លែងអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់ឯកឧត្តម LAU ដោយសូមឲ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់ តាមផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕

ដោយ វណ្ណលុក