ប្រមុខការទូតរុស្ស៊ីសរសើរប្រទេសអារ៉ាប់ចំពោះជំហរមានតុល្យភាព ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាមានសម្ពាធក៏ដោយ
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយនៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់សន្និសីទមជ្ឈិមបូព៌ានៃក្លឹបពិភាក្សាអន្តរជាតិ Valdai នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសអារ៉ាប់ សូម្បីតែនៅពេលដែលពួកគេប្រឈមមុខនឹងសម្ពាធខ្លាំងពីលោកខាងលិចក៏ដោយ ក៏ប្រកាន់ជំហរមានតុល្យភាពលើស្ថានភាពជម្លោះនៅអ៊ុយក្រែន។
សុន្ទរកថានេះត្រូវបានអានដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីខែល ប៊ូកដាណូវ ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី ទទួលបន្ទុកកិច្ចតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ។ លោក ឡាវរូវ បាននិយាយថា ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្តាប្រទេសនៃតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង គឺជាអាទិភាពសម្រាប់គោលនយោបាយការបរទេសរបស់រុស្ស៊ី។
លោកថា ការពង្រឹងកិច្ចសន្ទនាផ្អែកលើការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសនីមួយៗនៃតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ក៏ដូចជាសមាគមពហុភាគីដែលកំពុងប្រតិបត្តិការនៅក្នុងលំហអាកាសមជ្ឈិមបូព៌ា គឺជាអាទិភាពយុទ្ធសាស្ត្រគ្មានលក្ខខណ្ឌ នៃគោលនយោបាយការបរទេសរបស់រុស្ស៊ី។
លោក ឡាវរូវ បានសង្កត់ធ្ងន់ទៀតថា ការទូតរុស្ស៊ីនឹងបន្តធ្វើការ ដើម្បីធ្វើឱ្យមជ្ឈិមបូព៌ាក្លាយជាតំបន់មានសន្តិសុខ ស្ថិរភាព និងវិបុលភាព។ យើងនឹងបន្តជួយដើម្បីជំនះស្ថានភាពវិបត្តិ, ចូលរួមក្នុងការកសាងឡើងវិញក្រោយជម្លោះនៃប្រទេសដែលរងផលប៉ះពាល់៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា
