រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប្លីងកេន ប្រកាសគាំទ្រអធិបតេយ្យ ភាពកាហ្សាក់ស្ថានដែលមានព្រំដែនជាប់រុស្ស៊ី

អាស្តាណា៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អេនតូនី ប្លីងកេន(Antony Blinken )អះអាងពីការប្តេជ្ញារបស់សហរដ្ឋ អាមេរិកចំពោះការធានាគាំទ្រឯករាជ្យភាពរបស់កាហ្សាក់ស្ថាន។ការអះអាងបែបនេះធ្វើឡើងក្នុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាននៅថ្ងៃអង្គារទី២៨ខែកុម្ភៈឆ្នាំ២០២៣។

តាមគម្រោងលោកប្លីងកេន នឹងធ្វើទស្សនកិច្ចនៅអ៊ូសបេគីស្ថាន និង គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃអតីតសាធារណរដ្ឋសូវៀតទាំងប្រាំនៅអាស៊ីកណ្តាល ដែលជាប់នឹងដែនឥទ្ធិពលរបស់ចិនផងនោះ មុននឹងបន្តដំណើរទៅឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG20។

លោក ប្លីងកេន បាននិយាយនៅក្នុងកិច្ចពិភាក្សានៅក្រសួង ការបរទេស កាហ្សាក់ស្ថានថា៖ «ដូចដែលអ្នកដឹងស្រាប់ហើយថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកាហ្សាក់ស្ថាន»។
លោក ប្លីងកេន បានធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីកាហ្សាក់ ស្ថានដើម្បីជួបជាមួយប្រធានាធិបតី Kassym-Jomart Tokayev ។មេដឹកនាំកាហ្សាក់ស្ថាន ថ្លែងកោតសរសើរចំពោះអាមេរិកដែលការ គាំទ្រ អធិបតេយ្យភាពរបស់កាហ្សាក់ស្ថាន។

មេដឹកនាំកាហ្សាក់ស្ថាន បាននិយាយថា ៖«យើងបានកសាងភាពជា ដៃគូរយៈពេលវែងដ៏ល្អ និងគួរឱ្យទុកចិត្តបាននៅក្នុងវិស័យសំខាន់ៗ ជាយុទ្ធសាស្រ្តជាច្រើន» ជាមួយសហរដ្ឋអាមេរិក។លោកបន្ថែមថា លោក ប្លីងកេន បានប្រាប់គាត់ថា សហរដ្ឋអាមេរិកបានធ្វើការ បោះជំហាន ដ៏សំខាន់សម្រាប់ទំនាក់ទំនងកាន់តែខ្លាំង ជាមួយ កាហ្សាក់ស្ថានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនឹងស្វែងរកមធ្យោបាយ ជាក់ស្តែង ដើម្បីធ្វើការងារបន្ថែមទៀតជាមួយប្រទេសអាស៊ីកណ្តាល ដែលរួមមានគាហ្គីស្ថាន តាជីគីស្ថាន តួរមិនីស្ថាន អ៊ូសបេគីស្ថាន។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើឡើងមិនដល់មួយសប្ដាហ៍ផង ក្រោយខួបមួយឆ្នាំនៃការឈ្លានរបស់រុស្ស៊ីចូល ក្នុង ប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានព្យាយាមទាញប្រទេស តំបន់អាស៊ីកណ្តាលពីឥទ្ធិពលរបស់រុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្ដីសម្រេចលើកលែងទណ្ឌកម្មសម្រាប់ក្រុមហ៊ុន Caspian Pipeline Consortium ដែលដឹក ជញ្ជូនប្រេងកាហ្សាក់ស្ថានទៅកាន់លោកខាងលិច និងឆ្លងកាត់ ប្រទេសរុស្ស៊ី។ កាលពីសប្តាហ៍មុនប្រជាជាតិអាស៊ីកណ្តាលបានបោះឆ្នោតអនុប្បវាទ ជុំវិញដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិ ដែល ទាមទារឱ្យក្រុងមូស្គូដកទ័ពចេញពីអ៊ុយក្រែន។

អ្នកជំនាញលើកឡើងថាប្រទេសទាំងនោះទំនងជាបារម្ភពីការកៀបសង្កត់របស់រុស្ស៊ីនិងមិនចង់ឱ្យរុស្សីថ្នាំងថ្នាក់ទើបសម្រេចដូច្នេះ។ កាហ្សាក់ស្ថាន មានព្រំដែនប្រវែង៧ ៦៤៤ គីឡូម៉ែត្រជាប់ ជាមួ យ រុស្ស៊ី។ប៉ុន្តែប្រទេសនេះបានស្វាគមន៍ជនជាតិរុស្សីដែលរត់ ចេញពី ការបម្រើយោធាទៅជ្រកកោនប្រទេសខ្លួន និង អំពាវនាវឱ្យមាន ដំណោះស្រាយការទូតព្រមទាំងអនុវត្តច្បាប់អន្តរជាតិ។

ថ្មីៗនេះប្រធានាធិបតីកាហ្សាក់ស្ថាន បាននិយាយតាមទូរសព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ខណៈដែលលោកបានទៅជួបលោក ពូទីន កាលពីឆ្នាំមុន ដើម្បី បញ្ជាក់ទំនាក់ទំនងប្រទេសទាំងពីរ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner