ចិន៖ អាមេរិកយកលេសសន្តិសុខជាតិ និងការបំពានអំណាចរដ្ឋ ជាហេតុផលដើម្បីបិទមិនឱ្យប្រើកម្មវិធីតិកតុក
ប៉េកំាង៖ ប្រទេសចិនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង ប្រើប្រាស់ហេតុផលសន្តិសុខជាតិ និងការបំពានអំណាចរដ្ឋ ដើម្បី គាបសង្កត់ក្រុមហ៊ុនបរទេស បន្ទាប់ពីសភាអាមេរិកបានទុករយៈពេល ៣០ ថ្ងៃដល់ភ្នាក់ងារ ក៏ដូចជាមន្ត្រីរដ្ឋាភិបាលទាំងអស់ ធ្វើការលុប កម្មវិធីតិកតុកដែលជាកម្មវិធីរបស់ក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋចិន ចេញពីឧបករណ៍ទូរស័ព្ទចល័តទាំងអស់។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងប្រឆាំងដាច់ខាតចំពោះទង្វើខុសឆ្គងទាំងអស់នោះ»។ លោកស្រីបានបន្ថែមថា ការហាមឃាត់របស់រដ្ឋាភិបាលអាមេរិក មិនឱ្យប្រើប្រាស់កម្មវិធីចែករំលែកវីដេអូមួយនេះ ជាការបង្ហាញ ពីអសន្តិសុខដោយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោន ហើយវាក៏ជាការ រំលោភអំណាចរដ្ឋផងដែរ។ លោកស្រីក៏បានលើកឡើងជាសំណួរថា «តើសហរដ្ឋអាមេរិកដែលជាមហាអំណាចកំពូលរបស់ពិភពលោកអាចនឹងខ្លាចកម្មវិធីដែលយុវវ័យចូលចិត្តលេងកម្សាន្តបែបនេះបានដោយរបៀបណា?»។
នាយកការិយាល័យគ្រប់គ្រង និងថវិកា អ្នកស្រី ស្សាឡានដា យ៉ូង (Shalanda Young) បានអំពាវនាវដល់ភ្នាក់ងាររដ្ឋាភិបាលថា ក្នុងរយៈពេល ៣០ ថ្ងៃខាងមុខនេះ ពួកគេត្រូវលុបចេញឱ្យអស់ និង មិនអនុញ្ញាតឱ្យដំឡើងកម្មវិធីនេះនៅលើគ្រប់ឧបករណ៍អេឡិចត្រូនិកទាំងអស់។ អ្នកស្រីក៏បានបន្ថែមថា សូម្បីតែការចរាចរណ៍អ៊ីនធឺណិត ពីឧបករណ៍ទាំងនោះទៅកាន់កម្មវិធីមួយនេះក៏ត្រូវហាមឃាត់ផងដែរ។
គួរបញ្ជាក់ថា ការហាមប្រាមបែបនេះគឺមិនអនុវត្តទៅលើអាជីវកម្ម ទាំងអស់ នៅសហរដ្ឋអាមេរិកដែលមិនមានជាប់ពាក់ព័ន្ធជាមួយ រដ្ឋាភិបាលសហព័ន្ធ និងមិនអនុវត្តទៅលើពលរដ្ឋឯកជនរាប់លាន នាក់ដែលប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះនោះទេ។ យ៉ាងណាមិញ បើយោងតាមសហជីពសេរីភាពពលរដ្ឋអាមេរិក ឬហៅកាត់ថា ACLU បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ថ្មីដែលបានដាក់ស្នើទៅកាន់សភា អាមេរិកអាចនឹងបិទមិនឱ្យប្រើប្រាស់កម្មវិធីតិកតុកបានយ៉ាងមានប្រសិទ្ធភាពនៅទូទាំងប្រទេសតែម្ដង។ ។
ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់របស់ ACLU លោកស្រី ចេណា ឡេវ៉ឹនថូហ្វ (Jenna Leventoff) បានលើកឡើងនៅក្នុងសេចក្ដី ប្រកាស ព័ត៌មាន មួយថា «សភាអាមេរិកមិនត្រូវដាក់បម្រាមហាម មិនឱ្យ ប្រើប្រាស់កម្មវិធីនេះទាំងស្រុងនោះទេ ហើយក៏មិនត្រូវដក ហូតសិទ្ធិរបស់ជនជាតិអាមេរិកដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិក្នុងការបញ្ចេញមតិនោះដែរ»។ លោកស្រីបន្តថា «យើងមានសិទ្ធិ ប្រើប្រាស់កម្មវិធីតិកតុក និងកម្មវិធីផ្សេងៗទៀតដើម្បីផ្លាស់ប្តូរគំនិត មតិយោបល់ និងការយល់ឃើញរបស់យើងជាមួយមនុស្ស នៅក្នុង ប្រទេស និងជុំវិញពិភពលោក»។
គួរដឹងដែរថា ជាកម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិនគឺក្រុមហ៊ុន ByteDance កម្មវិធីតិតុកបានក្លាយជា គោលដៅ នយោបាយ ដោយសារតែមានការព្រួយបារម្ភថាកម្មវិធីនេះ អាចត្រូវប្រើប្រាស់សម្រាប់ធ្វើចារកម្ម ឬការឃោសនាដោយបក្ស កុម្មុយនីស្តចិន។
ដោយឡែក ច្បាប់ដែលបានចុះហត្ថលេខាកាលពីខែមុនដោយ ប្រធានា ធិបតីអាមេរិកលោក ចូ បៃដិន បានហាមមិនឱ្យប្រើប្រាស់ កម្មវិធីតិកតុកនៅលើគ្រប់ឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលរដ្ឋាភិបាលបានដាក់ចេញឱ្យប្រើប្រាស់។ លើសពីនេះ ច្បាប់នោះក៏បាន ហាម ប្រាមមិនឱ្យមានការប្រើប្រាស់កម្មវិធីនេះនៅក្នុងសភា តំណាង រាស្រ្តអាមេរិក និងព្រឹទ្ធសភាផងដែរ។
គួរកត់សម្គាល់ថា ក្នុងរយៈប៉ុន្មានខែកន្លងមកនេះ ការព្រួយបារម្ភផ្នែក សន្តិសុខជាតិតាមរៈការចោទប្រកាន់ចិនថាបានលួចធ្វើចារកម្ម បាន កើនឡើងខ្លាំង ជាពិសេសបន្ទាប់ពីបាឡុងរបស់ចិនដែល បាន ហោះ ចូលដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយត្រូវបានបាញ់ ទម្លាក់ កាលពីប៉ុន្មានសប្ដាហ៍មុន។
ដោយឡែក កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកាណាដាក៏បានបិទមិនឱ្យ ប្រើប្រាស់ កម្មវិធីតិកតុកនៅលើគ្រប់ទូរស័ព្ទទាំងអស់ និងឧបករណ៍ ផ្សេងទៀតដូចគ្នា ដោយលើកហេតុផលថា ខ្លួនភ័យខ្លាចថានឹងមាន ការលួចចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
រដ្ឋាភិបាលកាណាដាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ច្បាប់ថ្មីនេះនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃអង្គារ ដោយកម្មវិធីតិកតុក នឹងត្រូវលុបចេញពីឧបករណ៍ទូរស័ព្ទចល័តដែលដាក់ចេញឱ្យប្រើប្រាស់ដោយរដ្ឋាភិបាល។ អ្នកប្រើប្រាស់ឧបករណ៍ទាំងនោះក៏នឹងត្រូវបាន ហាមមិនឱ្យធ្វើការទាញយកកម្មវិធីនេះនាពេលអនាគតផងដែរ»។
បន្ថែមលើនេះ សូម្បីតែគណៈកម្មការអឺរ៉ុប ក៏បានដាក់បម្រាមហាម មិនឱ្យ ប្រើប្រាស់កម្មវិធីនេះនៅលើឧបករណ៍អេឡិចត្រូនិករបស់ ខ្លួនដូចគ្នា។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនតិកតុកបានបដិសេធម្តង ហើយ ម្តងទៀតចំពោះការចោទប្រកាន់ថាខ្លួនបានចែករំលែកទិន្នន័យ ឬប្រគល់ការគ្រប់គ្រងកម្មវិធីមួយនេះទៅកាន់រដ្ឋាភិបាលចិន។
ការកើនឡើងនៃប្រជាប្រិយភាពរបស់កម្មវិធីតិកតុកបានរីកសុះសាយខ្លាំងទៅកាន់ប្រទេសជុំវិញសកលលោក ប៉ុន្តែក៏ទទួលបានការសង្ស័យ និងត្រួតពិនិត្យជាច្រើនដង ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដែលថា កម្មវិធីនេះ មានទំនាក់ទំនងដោយផ្ទាល់ជាមួយរដ្ឋចិន។ កន្លងមក ក្រុមហ៊ុន ByteDance ធ្លាប់ត្រូវបានបង្ខំឱ្យទទួលស្គាល់ថាបុគ្គលិក របស់ខ្លួននៅក្នុងប្រទេសចិនបានចូលប្រើប្រាស់ទិន្នន័យរបស់ជនជាតិអាមេរិក ប៉ុន្តែក្រុមហ៊ុនមួយនេះតែងតែបដិសេធថាខ្លួនមិនបាន ផ្តល់ព័ត៌មានផ្ទាល់ខ្លួនទាំងអស់នោះដល់អាជ្ញាធរចិននោះទេ។
ម៉្យាងវិញទៀត តិកតុកបានផ្លាស់ប្តូរគោលការណ៍មួយចំនួនដើម្បី បន្ធូរបន្ថយការភ័យខ្លាចរបស់សហរដ្ឋអាមេរិក ដូចជាបានប្រកាស នៅក្នុងខែមិថុនា ឆ្នាំ២០២២ ថាខ្លួននឹងរក្សាទុកទិន្នន័យទាំងអស់ របស់អ្នកប្រើប្រាស់នៅអាមេរិក នៅក្នុងម៉ាស៊ីនមេសម្រាប់ផ្ទុកទិន្នន័យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកផ្ទាល់តែម្ដង។
គេសង្កេតឃើញថា បើទោះបីជាមានការបិទមិនឱ្យប្រើប្រាស់ កម្មវិធី នេះក្ដី ក៏មិនអាចបញ្ឈប់ការលូតលាស់របស់កម្មវិធីតិកតុកនេះ បានទេ។ ជាមួយនឹងអ្នកប្រើប្រាស់សកម្មជាងមួយប៊ីលាននាក់ តិកតុកបាន ក្លាយជាវេទិកាសង្គមដែលមានអ្នកប្រើប្រាស់ច្រើនបំផុតជាប់ចំណាត់ថ្នាក់ទី៦ នៅលើពិភពលោក នេះបើយោងតាមទីភ្នាក់ងារទីផ្សារមួយ ដែលមានឈ្មោះថា We Are Social ។
បើទោះបីជាកម្មវិធីតិកតុកទើបតែបង្កើតថ្មី និងមានអ្នកចូល ចិត្ត ប្រើប្រាស់តិចជាងកម្មវិធីហ្វេសប៊ុក និង WhatsApp ក៏ដូចជា Instagram ក៏ដោយ ប៉ុន្តែកំណើននៃចំនួនអ្នកប្រើប្រាស់របស់វា ជាពិសេសក្នុងចំណោមមនុស្សពេញវ័យគឺច្រើនលើសពីដៃគូប្រកួតប្រជែងរបស់ខ្លួនខ្លាំងណាស់៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភព៖ https://www.channelnewsasia.com/asia/us-tiktok-ban-china-says-overstretching-national-security-abuse-state-power-3312031