សម្តេចតេជោ ហ៊ុន សែន៖ យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងគួរលើក ទឹក ចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹម យកមកទុក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មានប្រកាសដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ អគារសិក្សាពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិតប្រាំពាន់នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍ អន្តរ ជាតិ កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាន់តែសារសំឡេង សម្តេច រឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង ៣៦ម៉ឺននាក់ ក្នុងចំណោមអ្នក Join តេឡេក្រាម សម្តេចជាង ៥៤ម៉ឺននាក់ ។ សម្តេចតេជោ បានបន្តថា សារសំឡេងរបស់សម្តេចរឿងវិធាន ការ សត្វក្ងោក មាន Chanel Telegram, Facebook និងបណ្តាញ សារព័ត៌មាននានា បានផ្សព្វផ្សាយជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចក៏បានឧបត្ថម្ភ ថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពី រដ្ឋបាលព្រៃឈើ ប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក ។
សូមរំលឹកថា នៅថ្ងៃទី២៨ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់ សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយក សត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូន ដល់ផ្ទះវិញតែម្ដង។ សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំមិនយល់ ស្របជាមួយនឹងទង្វើបែបនេះនោះទេ។ យើងគួរតែលើកទឹក ចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាជនខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយ ដែលវាមិនយូរប៉ុន្មាន សត្វនេះវានឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងខ្វះការយកចិត្តទុកដាក់ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ក្នុងករណី ដែលច្បាប់មានចែង ក៏សូមស្នើឲ្យអ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនៅកថាខណ្ឌណាដែល ទាក់ទងជាមួយនិងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងគួរតែត្រូវលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹម ជាការដែលធ្វើការរារាំងដល់ចលនានៃការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ ៕ ដោយ៖ វណ្ណលុក


