មេបក្សប្រឆាំង នៅវេណេស៊ុយអេឡា ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាលើកទី៣
ការ៉ាកាស់៖ មេដឹកនាំបក្សប្រឆាំង នៅប្រទេសវេណេស៊ុយអេឡា លោក ខាប្រ៊ីលេស (Capriles) កំពុងស្ថិតក្នុងដំណើរទៅកាន់យុទ្ធនាការប្រធានាធិបតី លើកទីបី របស់លោក។
ប្រធានគណបក្ស ព្រីមឺរ៉ូ ចាស្ទីស្យា (Primero Justicia) លោកស្រី ម៉ារីយ៉ា ប៊ីទ្រីស ម៉ាទីណេស (Maria Beatriz Martinez) បានប្រកាសថា មេដឹកនាំបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា លោក ហេនរីគ ខាប្រ៊ីលេស ( Henrique Capriles) បានចាប់ផ្តើមការប៉ុនប៉ង ជាលើកទីបី របស់លោក សម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សរបស់លោក ឱ្យចូលរួមក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រឆាំង ដែលនឹងជ្រើសរើសគូប្រជែងរបស់លោក គឺលោកប្រធានាធិបតី នាពេលបច្ចុប្បន្ន គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នៅឆ្នាំ ២០២៤ ។
បេក្ខភាពប្រធានាធិបតីបក្សប្រឆាំងពីរសម័យកាល របស់ប្រទេសវេណេហ្ស៊ុយអេឡា លោក ហេនរីគ ខាប្រ៊ីលេស កំពុងឈរឈ្មោះជាថ្មីម្តងទៀត ខណៈដែលការបោះឆ្នោតជ្រើសរើសរបស់គណបក្ស ព្រីមឺរ៉ូ ចាស្ទីស្យា (Primero Justicia) ដើម្បីដឹកនាំប្រទេស ដោយផ្តោតដំបូងលើការបោះឆ្នោតបឋម របស់គណបក្សប្រឆាំង នៅថ្ងៃទី ២២ ខែតុលា។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី ប្រធានគណបក្ស ព្រីមឺរ៉ូ ចាស្ទីស្យា (Primero Justicia) បាននិយាយថា បេក្ខជនរបស់គណបក្ស ដែលបច្ចុប្បន្នត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងនយោបាយ នឹងត្រូវប្រកាសនៅក្នុង “កិច្ចប្រជុំគណៈកម្មាធិការនយោបាយជាតិដ៏អស្ចារ្យ” ដែលនឹងប្រព្រឹត្តទៅ “នៅថ្ងៃទី ១០ ខែមីនា” ។
លោក ហេនរីគ ខាប្រ៊ីលេស ត្រូវបានជ្រើសរើស កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ជាចំណូលចិត្តរបស់គណបក្សនៅក្នុងការពិគ្រោះយោបល់ដែលគណបក្ស បានធ្វើឡើង ជាមួយអ្នកគាំទ្ររបស់ខ្លួនដើម្បីស្វែងយល់ពីមតិរបស់ពួកគេ អំពីអ្នកដែលគួរតែជាបេក្ខជនរបស់គណបក្ស នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រឆាំង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

