ប្រធានាធិបតីតួកគីថា ការបោះឆ្នោតត្រូវធ្វើនៅថ្ងៃទី១៤ ឧសភា ទោះបីមានរញ្ជូយដីស្លាប់មនុស្សជាង ៤ម៉ឺននាក់ក៏ដោយ
អង់ការ៉ា៖ ប្រធានាធិបតីប្រទេសតួកគី លោក អឺដូហ្គាន់ (Erdogan) បាននិយាយថា ការបោះឆ្នោតនឹងត្រូវធ្វើឡើង នៅថ្ងៃទី ១៤ ខែឧសភា បើទោះបីជាប្រទេសតួកគី មានការរញ្ជួយដីស្លាប់មនុស្ស ជាង៤ម៉ឺនក៏ដោយ។
ប្រធានាធិបតីប្រទេសតួកគី លោក រ៉េសិប តាយីប អឺដូហ្គាន់ (Recep Tayyip Erdogan) កាលពីថ្ងៃពុធ សប្តាហ៍នេះ បានច្រានចោលការពន្យារពេលណាមួយ នៅក្នុងការបោះឆ្នោតបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ នៅក្នុងខែកុម្ភៈ ហើយបាននិយាយថា ការបោះឆ្នោតនឹងត្រូវធ្វើឡើង នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣។
លោកប្រធានាធិបតីបានប្រាប់សមាជិកសភាគណបក្សកាន់អំណាចរបស់លោក អំឡុងប្រជុំសភា នៅក្នុងរដ្ឋធានី អង់ការ៉ា ថា “ប្រជាជនទួកគីនឹងធ្វើអ្វីដែលចាំបាច់ នៅថ្ងៃទី ១៤ ខែឧសភា” ។
មេដឹកនាំទួកគីរូបនេះ កាលពីមុន ធ្លាប់បានស្នើឱ្យរៀបចំការបោះឆ្នោតដ៏លំបាក នៅថ្ងៃទី ១៤ ខែឧសភា ដែលគេជឿថា អាចរក្សារដ្ឋាភិបាលដែលមានឫសគល់អ៊ីស្លាមរបស់លោក ឱ្យកាន់អំណាច រហូតដល់ឆ្នាំ ២០២៨។ ប៉ុន្តែបន្ទាប់ពីការរញ្ជួយដីដ៏ធំដែលបានសម្លាប់មនុស្សជាង ៤៥០០០នាក់ នៅក្នុងប្រទេសទួកគី មានការសង្ស័យថា តើការបោះឆ្នោតនោះអាចដំណើរការដូចការគ្រោងទុកដែរឬទេ។
យ៉ាងណាមិញ លោក អឺដូហ្គាន់ (Erdogan) ក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន រយៈពេលបីខែ នៅទូទាំងខេត្ត ចំនួន ១១ ដែលរងគ្រោះដោយរញ្ជួយដី។ តែតំបន់ទាំងនោះ នៅតែរងការញ័រខ្លាំងដែលធ្វើឱ្យលទ្ធភាពនៃការធ្វើយុទ្ធនាការក្នុងតំបន់នេះ មិនទំនងជាខ្លាំងឡើយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
