មាជ សុវណ្ណារ៉ា បដិសេធការសង្ស័យវត្តមានបង្កចលាចលក្នុងក្រុងភ្នំពេញ (Video Inside)
អតីតសកម្មជនគណបក្សប្រឆាំងលោក មាជ សុវណ្ណារ៉ា និងបុរសជាតិអាមេរិកម្នាក់ឈ្មោះម៉ាក ហ្គីបែល Mark Gibbel កំពុងស្ថិតក្នុងការតាមដានរបស់សាធារណជនក្រោយមានការផ្សាយ តាមបណ្តាញសង្គមថា អ្នកទាំង២គឺជាភ្នាក់ងារសម្ងាត់ CIA ។
គណនីហ្វេសប៊ុក «ខ្ញុំជាសម រង្ស៊ី» បានបង្ហោះព័ត៌មានមួយ ដែលនិយាយថាលោក មាជ សុវណ្ណារ៉ា និងបុរសជាតិ អាមេរិក ឈ្មោះ ម៉ាក ហ្គីបែល នឹងមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាត់ទោសលោក កឹម សុខា នៅថ្ងៃទី៣មីនាឆ្នាំ២០២៣។
ហ្វេសប៊ុក «ខ្ញុំជាសម រង្ស៊ី» បានសរសេរទៀតថា លោក មាជ សុវណ្ណារ៉ា និងបុរសជាតិអាមេរិកដែលជ្រកក្រោមស្លាកវិទ្យាស្ថានស្រាវជ្រាវនយោបាយពីទីក្រុងឡងប៊ិច និងដែលអ្នកទាំង២ធ្លាប់ធ្វើកិច្ចការសម្ងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល, ពេលនេះបាននឹងកំពុងមានវត្តមានក្នុងក្រុងភ្នំពេញ និងគ្រោងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី៣ មីនា ឆ្នាំ២០២៣។
ការបង្ហោះព័ត៌មាននេះ បានប្រញាប់ឱ្យលោក មាជ សុវណ្ណារ៉ា បដិសេធវិញភ្លាម ដោយលោកបញ្ជាក់ថាវត្តមានរបស់លោក ក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសួរសុខទុក្ខម្តាយដែលមានវ័យចំណាស់នោះទេ។
លោកបានបដិសេធថាមិនមែនជាភ្នាក់ងារសេអ៊ីអារបស់សហរដ្ឋអាមេរិកនោះឡើយ។ លោកបានបដិសេធទៀតថាវត្តមានរបស់លោក គឺមិនមែនជាការគ្រោងដឹកនាំកម្លាំងប្រឆាំងនឹងសាលក្រមសម្រេចក្តីលោក កឹម សុខា វេលាថ្ងៃទី៣មីនានោះដែរ។