បណ្ឌិត ហ៊ុន ម៉ាណែត ជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន (Video Inside)
អនាគតនាយករដ្ឋមន្ត្រីបន្តវេន បណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក ម៉ៃខុល ម៉ាឡាក់កា Michael Malacka ចូលជួបពិភាក្សាលើការងារធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា។
លោកម៉ៃខុល ម៉ាឡាក់កា បានជំរាបបណ្ឌិត ហ៊ុន ម៉ាណែត ជុំវិញប្រវត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានអាយុកាលជាង៣៧ឆ្នាំ និងមានសមាជិកជាង ១៨០ ក្រុមហ៊ុន ដែលកំពុងធ្វើធុរកិច្ច និងការបណ្តាក់ទុននៅអាស៊ាន។
លោកបានថ្លែងថាបច្ចុប្បន្នក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនជាងដប់ បានពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យានិងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទានរបស់សហគ្រាស SME, ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ជាដើម។
បណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។ បណ្ឌិត ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។
ក្នុងកិច្ចពិភាក្សាក្នុងឱកាសនោះផងដែរ, ការជជែកបានផ្តោតលើជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងការជូនពរ របស់គណៈប្រតិភូធុរកិច្ចអាមេរិកអាស៊ាន ដោយសូមឱ្យកម្ពុជាទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងទទួលបានជោគជ័យក្នុងការរៀបចំបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។