ខេត្តកំពង់ឆ្នាំងប្រកាសជាខេត្តអស់គ្រាប់មីន (Video Inside)
ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៩ ដែលត្រូវបានប្រកាសជាខេត្តដែលអស់មីន។ ពិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីននេះ បានធ្វើនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន ទេសរដ្ឋមន្ត្រី លី ធុជ ។
ទេសរដ្ឋមន្ត្រី លី ធុជ បានអោយដឹងថា ក្នុងខេត្តកំពង់ឆ្នាំង ទំហំផ្ទៃដីដែលបានបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មានទំហំជាង៧គីឡូម៉ែត្រក្រឡា ដែលស្មើនឹង៦០ចម្ការមីន ។ ក្នុងប្រតិបត្តិការសម្អាតគ្រាប់មីននេះ អង្គភាពស៊ីម៉ាក់ បានរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន២ពាន់៨៥២គ្រាប់, មីនប្រឆាំងរថក្រោះ ៥០គ្រាប់ និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀត ៣ម៉ឺន៥ពាន់៤២៨គ្រាប់ ។
កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ពាន់៥៥៤ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមជាច្រើនលានគ្រាប់។ កម្ពុជាបានដាក់ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។