ក្រសួងសុខាភិបាល ចា្រនចោលនូវព័ត៌មានមិនពិត ទាក់ទង ករណីឆ្លងវីរុស ផ្តាសាយបក្សី H5N1នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុង នូវការចេញផ្សាយ ព័ត៌មានមិនត្រឹមត្រូវ និងមិនពិតបែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណី ឆ្លងពីមនុស្សទៅមនុស្ស ។ក្រសួងបញ្ជាក់ថាគឺជាករណីឆ្លង ពីសត្វបក្សី មក មនុស្ស។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួនពីរករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់ បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជាសះស្បើយ និងបានចេញ ពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។

ក្រសួងបញ្ជាក់ថា៖«ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំងពីរនាក់នេះ ត្រូវបានសន្និដ្ឋានថា ជា ការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីសត្វបក្សីមក មនុស្ស ដែលមិនមែនជាការចម្លងពីមនុស្សទៅមនុស្ស នោះទេ»។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្តីអំពីករណី ជំងឺ គ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។

ប្រភពដដែលបន្តថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុសំណាកសរុប ចំនួន ៥១សំណាក (យកពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ចំនួន២០ នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្ដាសាយចំនួន ៣១នាក់) ត្រូវបានប្រមូលយកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថា អវិជ្ជមាន វីរុស H5N1 ទាំងអស់។

ក្រុមអង្កេតស្រាវជ្រាវរបស់ក្រសួងសុខាភិបាល នៅតែបន្តមានវត្តមាន នៅ ខេត្តព្រៃវែងនៅឡើយ ដើម្បីអង្កេតស្រាវជ្រាវរកករណីជំងឺផ្តាសាយ បក្សី H5N1 ជាបន្តទៀត ហើយនឹងបន្តប្រមូលវត្ថុសំណាកសម្រាប់ធ្វើវិភាគ ពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញាដូចជំងឺ គ្រុនផ្តាសាយផងដែរ។

ក្រសួងបន្តទៀតថា ផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ អំពី វត្តមានវីរុស A/H5N1 នៅក្នុងវត្ថុសំណាកដែលបានផ្ញើមកវិភាគ ហើយ បានធ្វើវិភាគលម្អិតនូវហ្សែន (full genome sequencing) ដែលមាននៅ លើ GISAID កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ វីរុសប្រភេទ A/H5N1 ដែលបានរកឃើញលើករណីនៅកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរដែល ត្រូវបាន គេរំពឹងថា វីរុសនេះឆ្លងពីបក្សីទៅមនុស្ស ប៉ុន្តែមិន បង្ហាញ ថា វីរុសនេះ កំពុងបម្លែងខ្លួន ឬសម្របខ្លួនទៅ ជាការចម្លងពីមនុស្សទៅមនុស្សនោះទេ។ វីរុស A/H5N1 នៅកម្ពុជា មិនមានការបម្លែងខ្លួនដែលទាក់ទងនឹងការ កើន ឡើងនៃការចម្លងនៃថនិកសត្វនោះទេ។

ក្រសួងសុខាភិបាលកម្ពុជា សូមឱ្យស្ថាប័នសារព័ត៌មានទាំងអស់ កែតម្រូវ និងទទួលខុសត្រូវចំពោះព័ត៌មាន ដែលខ្លួនផ្សព្វផ្សាយ និងធានាថាការ រាយការណ៍របស់ខ្លួន គឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវ និងធ្វើសម្រង់ ព័ត៌មានឱ្យបានត្រឹមត្រូវ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពី ការវិវត្តនៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង សុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារ អប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួង សុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖សុខ រក្សា

ads banner