តៃវ៉ាន់ទិញសព្វាវុធពីអាមេរិកតម្លៃ ៦១៩លានដុល្លារ ដើម្បីបង្កើន សមត្ថភាព យោធា ខណៈចិនកំពុងដាក់សម្ពាធមកលើខ្លួន

អាមេរិក៖ សហរដ្ឋអាមេរិក បានអនុម័តសម្រេចលក់សព្វាវុធថ្មីដែល មាន តម្លៃ ស្មើនឹងទឹកប្រាក់ចំនួន ៦១៩ លានដុល្លារទៅឱ្យតៃវ៉ាន់ ក្នុងនោះរួមមាន មីស៊ីលសម្រាប់កងនាវាចម្បាំងប្រភេទ F-16 ខណៈដែលកោះមួយនេះបាន រាយការណ៍ថា នេះជាថ្ងៃទីពីរហើយដែលយើងឃើញមានការលុកលុយរ បស់ កងទ័ពអាកាសចិនទ្រង់ទ្រាយធំនៅក្បែរព្រំដែន។

ការលក់គ្រឿងសព្វាវុធនេះទំនងជានឹងធ្វើឱ្យទំនាក់ទំនងដ៏តានតឹងរួចទៅហើយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាន់តែធ្លាក់ចុះដុនដាប ខ្លាំង បន្ថែមទៀត។ កន្លងមក ចិនបានទាមទារម្តងហើយម្តងទៀត ឱ្យបញ្ឈប់កិច្ច ព្រមព្រៀងទិញលក់នេះ ហើយចិនបានចាត់ទុកជំនួយរបស់លោកខាងលិច ថា ជាការគាំទ្រដល់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ប្រជាធិប តេយ្យ និងដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មន្ទីរបញ្ចកោណអាមេរិកបាន លើក ឡើងថា ក្រសួងការបរទេសអាមេរិកបានអនុម័តលើការសម្រេចលក់អាវុធ និងឧបករណ៍ដ៏មានសក្តានុពលក្នុងការធ្វើសង្គ្រាមដល់កោះតៃវ៉ាន់ ក្នុងនោះ រួមមាន មីស៊ីលប្រឆាំងយន្តហោះចំនួន ២០០ ដើម មីស៊ីលបាញ់លើអាកាស រយៈចម្ងាយមធ្យមកម្រិតខ្ពស់ (AMRAAM) ជាច្រើនគ្រាប់ និងមីស៊ីលប្រភេទ AGM-88B HARM ចំនួន ១០០ ដើម ដែលជាមីស៊ីលអាចបាញ់កម្ទេច ស្ថានីយ រ៉ាដានៅលើដីបាន។

មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សំណើនៃ គម្រោងលក់ដែលបានដាក់ទៅនឹងរួមចំណែកដល់សមត្ថភាពរបស់ភាគីអ្នកទទួលទិញ ក្នុងការការពារដែនអាកាសរបស់ខ្លួន សន្តិសុខក្នុងតំបន់ និងអន្តរ ប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។ ម៉្យាងវិញទៀត ក្រសួងការពារជាតិ របស់ តៃវ៉ាន់បានលើកឡើងថា គ្រាប់មីស៊ីលទាំងអស់នេះនឹងជួយការពារដែន អាកាសប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយនឹងការគំរាម កំហែង និងការបង្កហេតុពីយោធាកុម្មុយនីស្ត(ចិន) ក៏ដូចជាការជួយពង្រឹង និងពង្រីកឃ្លាំងការពារជាច្រើនទៀតនៅលើកោះ។

គួរដឹងដែរថា ក្រុមហ៊ុនចម្បងដែលបានចុះកិច្ចសន្យាទិញលក់គ្រឿង សព្វាវុធ ទៅកាន់កោះតៃវ៉ាន់ មានឈ្មោះថា Raytheon Technologies និង Lockheed Martin។ ក្រុមហ៊ុនទាំងពីរនេះត្រូវបានចិនប្រកាសដាក់ទណ្ឌកម្ម ដោយសារតែបាន លក់គ្រឿងសព្វាវុធឱ្យកោះតៃវ៉ាន់។ ក្នុងរយៈពេលបី ឆ្នាំចុងក្រោយនេះ តៃវ៉ាន់តែងតែត្អូញត្អែរជុំវិញសកម្មភាពយោធារបស់ចិនដែលស្ថិតនៅកៀកជិតកោះមួយនេះ ខណៈដែលទីក្រុងប៉េកាំងតែងព្យាយាមអះអាង និងទាមទារ អធិបតេយ្យភាពរបស់ខ្លួននៅលើកោះមួយនេះ។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ តៃវ៉ាន់បានរាយការណ៍ថា វាគឺជាថ្ងៃ ទីពីរហើយដែលសកម្មភាពកងទ័ពអាកាសចិនទ្រង់ទ្រាយធំ បានធ្វើឡើង ហួសចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ដោយក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយនេះ ពួកគេបានប្រទះឃើញយន្តហោះចម្បាំងចំនួន ២១ គ្រឿងបានហោះចូលដែនអាកាសនេះ។

ដោយឡែក ប្រទេសចិនបានអះអាងថា សកម្មភាពរបស់ខ្លួននៅក្នុង តំបន់ នេះ គឺជារឿងសមហេតុផល និងស្របច្បាប់ ព្រោះខ្លួនកំពុងព្យាយាមការពារ បូរណភាពទឹកដីរបស់ខ្លួន និងដើម្បីព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការ ឃុប ឃិតជាមួយតៃវ៉ាន់ បើទោះបីជាទីក្រុងតៃប៉ិមានការខឹងសម្បារចំពោះការ ធ្វើបែបនេះក៏ដោយ។

ក្រសួងការពារជាតិតៃវ៉ាន់បានរំលេចថា យន្តហោះចម្បាំងប្រភេទ J-10 ចំនួន ១៧ គ្រឿង និងយន្តហោះចម្បាំងប្រភេទ J-16 ចំនួន ៤ គ្រឿងបានហោះចូល ជ្រុងភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នេះបើយោងតាមផែនទីដែលក្រសួងបានចេញផ្សាយ។

គួរដឹងថា យន្តហោះប្រភេទ J-10s គឺជាយន្តហោះម៉ូដែលចាស់ដែល បាន ដាក់ចេញឱ្យប្រើប្រាស់តាំងពី ២ ទសវត្សរ៍មុន។ វាបានហោះខិតទៅ យ៉ាងកៀកជិតទៅនឹងឆ្នេរសមុទ្រចិន ខណៈដែលយន្តហោះប្រភេទ J-16 ដែលជាយន្តហោះចម្បាំងទំនើប បានហោះទៅភាគឦសាននៃកោះប្រាតាស (Pratas) ដែលគ្រប់គ្រងដោយតៃវ៉ាន់ នេះបើយោងតាមផែនទីខាងលើ ដដែលបានបង្ហាញ។

កោះប្រាតាស ជាដែនកោះដែលមិនត្រូវបានទទួលការការពារបានដិតដល់ នោះ ទេ។ វាមានទីតាំងស្ថិតនៅឯចុងបង្អស់នៃសមុទ្រចិនខាងត្បូង ហើយ យន្តហោះចម្បាំងរបស់ចិនជាញឹកញាប់ តែងតែបានហោះឆ្លងកាត់ដែន អាកាសកៀកជិតទៅនឹងកោះមួយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា កងកម្លាំងរបស់តៃវ៉ាន់បានតាមដាន ស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ រួមទាំងបានបញ្ជូនយន្តហោះរបស់ខ្លួន ទៅឃ្លាំមើលទៀតផង។ ប៉ុន្តែ តៃវ៉ាន់ហាក់មានការប្រុងប្រយ័ត្នខ្លាំងចំពោះ ការប្រើប្រាស់ពាក្យនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនក្នុងការឆ្លើយតបទៅកាន់ការឈ្លានពានដែនអាកាសពីសំណាក់ភាគីចិន។

កាលពីថ្ងៃពុធ ក្រសួងដដែលបានរាយការណ៍ថា យន្តហោះរបសប់ចិនចំនួន ១៩ គ្រឿងបានហោះហើរនៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់។ ប៉ុន្តែ គ្មានយន្តហោះណាមួយបានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់នោះទេ ដែលវាគឺជាច្រករបាំងក្រៅផ្លូវការនៃព្រំដែនរវាងភាគី ទាំងពីរ។ យ៉ាងណាក៏ដោយ ព្រឹតិ្តការណ៍យន្តហោះដែលកងទ័ពអាកាស របស់ ចិនបានហោះស្ទើរតែរាល់ថ្ងៃបែបនេះ បានបន្តកើតឡើងចាប់ តាំងពី ខែសីហា ឆ្នាំមុនមកម៉្លេះ។

ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយអំពីសកម្មភាពរបស់ខ្លួនថ្មីៗនេះ នៅ ក្បែរ កោះតៃវ៉ាន់នោះទេ។ កាលពីខែមករា ប្រទេសចិនបានលើកឡើងថា ខ្លួនបាន ធ្វើសមយុទ្ធយោធានៅជុំវិញកោះនេះ «ដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះ សកម្មភាព បង្កហេតុរបស់កងកម្លាំងខាងក្រៅ (សហរដ្ឋអាមេរិក) និងកង កម្លាំង បំបែកខ្លួនចង់ប្រកាសឯករាជ្យនៅតៃវ៉ាន់»។

ទោះជាយ៉ាងណា គ្មានការបាញ់ប្រហារណាមួយត្រូវបានកើតមានឡើងនោះ ទេ បើទោះបីជាយន្តហោះរបស់ចិនបានហោះចូលទៅក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។

គួរដឹងដែរថា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬហៅជា ភាសាអង់គ្លេសថា ADIZ គឺជាតំបន់យ៉ាងទូលំទូលាយដែលតៃវ៉ាន់ធ្វើការ ត្រួតពិនិត្យ និងចុះល្បាតដើម្បីអាចត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាម កំហែងណាមួយ។ កន្លងមក រដ្ឋាភិបាលតៃវ៉ាន់បានបើកឱ្យមានការចរចាម្តង ហើយម្តងទៀតជាមួយចិន ប៉ុន្តែបានបញ្ជាក់ថា កោះនេះនឹងធ្វើការការពារ ខ្លួនប្រសិនបើត្រូវទទួលរងការវាយប្រហារ ហើយមានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភព៖ https://www.channelnewsasia.com/asia/taiwan-military-get-us619-million-us-arms-boost-china-keeps-pressure-3318411

ads banner