បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់ភូមិចំនួនពីរ ក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី
បន្ទាយមានជ័យ៖ ភូមិចំនួនពីរ គឺភូមិចកលិច និងភូមិខ្ទុំ ក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តចក ក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្រុមការងារចុះវាស់វែងកំណត់ទិន្ន័យរួច។ លោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងដុរិយោដីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ បានចុះអនុវត្តន៍តាមនីតិវិធីកន្លងមក។ លោកបានឲ្យដឹងបន្ថែមថា ការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី៥កក្ដដានេះទៅ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ នៅពេលផុតរយៈពេលកំណត់នៃការបិទផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។
លោក ប្រាក់ ប៉ូលី បានបញ្ជាក់បន្ថែមថា កន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន១៤២,៨៣៤ ប័ណ្ណ ដោយមានការឧបតម្ភគាំទ្រពីរាជរដ្ឋាភិបាល និងម្ចាស់ជំនួយនានា។ ដោយឡែកសម្រាប់ទិន្នន័យក្បាលដីនៅក្នុងភូមិទាំងពីរខាងលើនេះ មានចំនួន១,៨០៨ក្បាលដី។ លោកប្រធានមន្ទីរបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យ មេត្តាបង្កភាពងាយស្រួល និងសហការល្អដើម្បីអនុវត្តន៍ការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយជោគជ័យ។
ជាមួយគ្នានេះដែរ ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នាបានល្អ ក្នុងការសម្រួលពន្លឿនដល់ការងារចុះបញ្ជីដីធ្លីនៅក្នុងមូលដ្ឋានភូមិទាំងពីរបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់។ ឯកឧត្តមបានបន្តថា ដោយអនុវត្តន៍តាមគោនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងលើការងារចុះបញ្ជីដីធ្លីនេះនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋនៅភូមិខាងលើរូតរះទៅពិនិត្យបញ្ញីក្បាលដី ឲ្យបានទាន់ពេលវេលាកំណត់ ដែលមានការបិទផ្សាយជាសាធារណៈនៅក្នុងបរិវេណវត្ត ហើយបញ្ឈប់រាល់ទំនាស់ដើម្បីបានទទួលការវាស់វែងពីក្រុមវាលចេញប័ណ្ណកម្មសិទ្ធិជូន។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល និងការចិញ្ចឹមសត្វដើម្បីផ្ដត់ផ្គងជីវភាពគ្រួសារ កាត់បន្ថយការប្រើប្រាស់ចំណីអាហារនាំចូលដែលលក់លើទីផ្សារដែលប៉ះពាល់ដល់សុខភាព និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មផលិតដោយខ្លួនឯង ដែលអាចកាត់បន្ថយការចំណាយ និងលើកស្ទូយសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្តិភាពខ្លួនឯង និងអ្នកដទៃ៕ម.ន ដោយ៖ឃិន គន្ធា
