គណបក្សប្រជាជនកម្ពុជារៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីស្តាប់ បទឧទ្ទេសនាមរបស់សម្តេចប្រធាន

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានកោះប្រជុំគណៈកម្មាធិការកណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំដែលធ្វើឡើងនៅកោះពេជ្រ នាព្រឹកថ្ងៃទី២២សីហានេះ មានវត្តមានចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ជាអនុប្រធានគណបក្ស សមាជិក សមាជិកាអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាជិក សមាជិការកណ្តាល គណបក្សប្រជាជនកម្ពុជាទាំងមូលសរុបជាង៨០០នាក់ និងអនុញ្ញាតឱ្យមានការចូលរួមពីថ្នាក់ដឹកនាំដែលមិនមែនជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល រួមមានប្រធាន អនុប្រធាន គណៈកម្មការនានា របស់ព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ខេត្ត ក្រុង និងបណ្តាភូមិភាគនានា សរុបជាង១ពាន់នាក់បន្ថែមទៀត ដើម្បីស្តាប់ការផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ និងការងាររបស់គណបក្ស ក្នុងឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ឆ្នាំ២០១៩ ដែលសម្តេចប្រធានគណបក្ស ជាអ្នកផ្តល់បទឧទ្ទេសនាមជូនដោយផ្ទាល់។ 

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញមានប្រសាសន៍ថា ការជួបប្រជុំនៅលើកនេះ ក៏ដូចជាលើកមុនៗដែរ សម្រាប់កិច្ចប្រជុំ គឺគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានរៀបចំនូវរបាយការណ៍ស្តីពីសភាពការណ៍ និងការងារគណបក្សឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ ដែលត្រូវបានចែកជូនដល់សមាជិក សមាជិកា នៃអង្គប្រជុំរួចជាស្រេច ដែលនៅក្នុងរបាយការណ៍នេះ មានការបូកសរុបគ្រប់ជ្រុងជ្រោយ ពីសភាពការណ៍ទូទៅរបស់ជាតិ លើគ្រប់ទិដ្ឋភាព ទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកសាងបក្ស ព្រមទាំងបានដាក់ចេញលម្អិតនូវទិសដៅ និងភារកិច្ចរបស់គណបក្ស សម្រាប់ឆមាសទី២ ឆ្នាំ២០១៩។ សម្តេចប្រធានបានបន្តថា ផ្អែកលើរបាយការណ៍នេះ សម្តេចប្រមូលផ្តុំការឧទ្ទេសនាមទៅលើការងារសំខាន់ៗមួយចំនួន នៃសភាពការណ៍អន្តរជាតិ ក៏ដូចជាសភាពការណ៍នយោបាយ និងសង្គម-សេដ្ឋកិច្ច ក្នុងប្រទេស សម្រាប់រយៈ ពេល៨ខែកន្លងមក ព្រមទាំងគូសរំលេចអំពីកិច្ចការជាអាទិភាពមួយចំនួនរបស់គណបក្ស សម្រាប់ឆមាសទី២ ឆ្នាំ២០១៩  និងសម្រាប់រយៈពេលមធ្យមខាងមុខ។
 
សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់គណបក្សប្រជាជនកម្ពុជា បើយោងទៅលើលក្ខន្តិកៈរបស់គណបក្ស សន្និបាតគឺត្រូវធ្វើពីរដងក្នុង១ឆ្នាំ ប៉ុន្តែជាទម្លាប់ក្នុងរយៈពេលកន្លងទៅ ក្នុង១ពេលនៅពាក់កណ្តាលឆ្នាំ  គឺតែងតែជួបជុំគ្នាដើម្បីគណៈអចិន្ត្រៃយ៍ផ្តល់ជូននូវរបាយការណ៍ទៅគណៈកម្មាធិការកណ្តាល ហើយឆ្លៀតពេលនោះក្នុងឋានៈជាប្រធានគណបក្ស សម្តេចក៏ឆ្លៀតឧទ្ទេសនាមជូនអំពីកិច្ចការសំខាន់ៗមួយចំនួនតែម្តង ដោយមិនមានការជជែកពិភាក្សាអ្វីនោះទេ។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានវាយតម្លៃអំពីភាពការណ៍ជាតិ និងអន្តរជាតិ ដោយសម្តេចមានប្រសាសន៍ថា ពិភពលោកបច្ចុប្បន្ននេះ គឺកំពុងស្ថិតក្នុងលក្ខណៈមិនច្បាស់លាស់។ ឥឡូវនេះ ប្រព័ន្ធសង្គមរបស់ពិភពលោកគឺកំពុងរងការរំលោភបំពានដោយសារតែការកើនឡើងនៃនយោបាយមិនទៀងទាត់គាំពារនិយម និងឯកតោនិយម។ សម្តេចបានរំលេចអំពីសភាពការណ៍ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើនទៀត ផ្តល់ជូនដល់សមាជិក សមាជិកាអង្គប្រជុំទាំងមូល ដើម្បីទទួលបានចំណេះដឹងជាយុទ្ធសាស្ត្រ ក្នុងការរួមគ្នាការពារ ទប់ស្កាត់នូវហានិភ័យដែលបង្កឡើងដោយឥទ្ធពលមិនល្អពីខាងក្រៅ ក៏ដូចជាក្រុមជនអគតិមួយចំនួន ដែលតែងតែព្យាយាមចង់បំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍ ដែលយើងកំពុងទទួលបាន ដើម្បីសេចក្តីសុខ ជីវភាពរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner