ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់ដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម
ខេត្តព្រះវិហារ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ ដើម) និងពិធីបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ខេត្តព្រះវិហារ, ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម បណ្ឌិត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ឆ្នាំមួយនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ ជាមួយនឹងជំនឿយ៉ាងមុតមាំនេះ សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើង។ អំពើជាកុសលទាំងនេះ បានផ្តល់ផលបុណ្យតបស្នងជូនដល់ សម្តេចតេជោវិញ តាមរយៈការទទួលបាននូវក្តីស្រឡាញ់ស្មោះស្ម័គ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់ ៕





ប្រភព ៖ កងទ័ពជើងគោក