ក្រសួងសង្គមកិច្ចថ្កោលទោស និងអំពាវនាវដល់សមត្ថកិច្ចចាត់ វិធានការ ជាបន្ទាន់ករណីឪពុកប្រើហិង្សាលើកូនបង្កើតអាយុពីរខែ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន ប្រកាស ថ្កោលទោសដាច់អហង្ការ ចំពោះទង្វើរបស់ឪពុកដែល បានប្រើអំពើហិង្សាដោយចេតនាយ៉ាងព្រៃផ្សៃមកលើកូនបង្កើតរបស់ខ្លួនដែលមានអាយុទើបតែ ពីរខែ នៅខេត្តកំពត និងអំពាវនាវដល់ សមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹង។
សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ នៃក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី ៣ខែមិនា បានថ្កោល ទោស ដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាតចំពោះការប្រព្រឹត្តអំពើ ហិង្សាដោយចេតនា យ៉ាងឃោឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែល បង្កឡើងដោយឈ្មោះ រឿន ចាន់រតនា ភេទប្រុស អាយុ២៧ឆ្នាំ ដែលត្រូវជាឪពុកបង្កើត ទៅលើទារកឈ្មោះ វុធ ចាន់វឌ្ឍនៈ ភេទប្រុស អាយុ២ខែ ស្នាក់នៅភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
សេចក្តីថ្លែងការណ៍បន្តថា៖«មួយករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់កូនបោកទៅ នឹងឥដ្ឋ បង្កឱ្យមាន ស្ថានភាព ធ្ងន់ធ្ងរ (ឪពុកប្រើប្រាស់គ្រឿងញៀន ករណីនេះស្នើសុំ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ ជា បន្ទាន់»។
ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ អ្នកនាំពាក្យ នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័ន អនុវត្ត លើការងារសិទ្ធិកុមារ សូមអំពាវនាវ ដោយទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុត ចំពោះឈ្មោះ រឿន ចាន់រតនា ដើម្បីកុំឱ្យអំពើអាក្រក់បែបនេះ កើតមានក្នុងសង្គម ជាតិយើងបន្តទៀត។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា៖«អ្នកនាំពាក្យ នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជា សាធារណជន ទូទៅ ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរ ក្រៃលែងចំពោះទារកដ៏កំសត់នេះ ដែលទទួលរងដោយអំពើហិង្សាយ៉ាង ព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះ បានរំលោភ បំពាន យ៉ាង ធ្ងន់ធ្ងរលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ច ការពារ ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន និងមានចែង ក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ មិនអាចសុំការអត្ថា ធិប្បាយ បានទេពាក់ព័ន្ធហិង្សាខាងលើបានទេ នៅថ្ងៃទី ៣ខែមិនានេះ៕
ដោយ៖សុខ រក្សា