ក្រុមហ៊ុនសំណង់ដ៏ធំរបស់សិង្ហបុរីស្នើសុំឱ្យកម្ពុជាបញ្ជូនពលករលើផ្នែកសំណង់ទៅធ្វើការនៅទីនោះ
ភ្នំពេញ៖ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់ប្រទេសសិង្ហបុរី បាន ស្នើ សុំ កិច្ចសហការពីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD កាលពីថ្ងៃ ថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៣ បានថ្លែងថា ឯកឧត្តមគាំទ្រចំពោះការស្នើ សុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ។នេះជាឱកាសមួយបន្ថែមទៀត សម្រាប់ ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។
ឯកឧត្តមបន្តថា នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការ សាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ ក្រសួងផ្ទាល់ ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែក សំណង់នេះ ដល់ ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹង សមត្ថភាព បន្ថែមផងដែរ។ លោករដ្ឋមន្ត្រីបន្ថែមថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និង បញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ សិន។
លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD ថ្លែងថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំង ពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវ ការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើម ផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។
លោកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺ ដើម្បី ជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។
លោក សួ ឆ្លូញ មន្រ្តីទំនាក់ទំនងនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ថ្លែងថា ការស្នើសុំឱ្យបញ្ជូនពលករផ្នែកសំណង់ទៅ បម្រើការងារនៅក្នុងប្រទេសសឹង្ហបុរីនេះ គឺជាការល្អហើយ បើធ្វើឱ្យ ស្របទៅតាមច្បាប់ និងមានការត្រួតពិនិត្យមួយត្រឹមត្រូវ ដើម្បីកុំឱ្យ ចាញ់បោកគេ ដែលធ្វើឱ្យធ្លាក់ក្នុងអំពើជួញដូរពលកម្ម ។
ទោះជាយ៉ាងនេះក្តី លោកថា កម្ពុជាមិនគួរបញ្ជូនពលករ ផ្នែកសំណង់ នេះ ទៅបំរើការងារនៅក្រៅប្រទេសនោះទេ ព្រោះកម្ពុជានាពេល បច្ចុប្បន្ន កំពុងមានការខ្វះខាងកម្លាំងពលកម្មយ៉ាងណាច្រើននៅតាម ការដ្ឋានសំណង់នានាដូចជានៅក្នុងគម្រោងបុរី គម្រោងខុនដូ និង គម្រោងសំណង់ផ្សេងទៀត៕
ដោយ៖យុទ្ធ វីរៈ