ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារចុះអនុស្សរណៈ ដើម្បីស្វែងរកយុត្តិធម៌ជូនអនីតិជន
ភ្នំពេញ៖ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU)បានចុះ ហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីចូលរួមចំណែក សកម្មភាពមនុស្សធម៌ និងស្វែងរកយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់ អនីតិជនជា ពិសេសឆ្លើយតបទៅនឹងការបង្ក្រាបបទល្មើសនានា ពាក់ព័ន្ធទៅនឹងកុមារ។

ពិធីះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងរវាងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា អនុ ប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ.) និងអង្គភាពការពារកុមារ(CPU) នៃអង្គការមូលនិធិ កុមារកម្ពុជា ស្ដីពីការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និង យុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅកម្ពុជា ២០២២-២០២៤ នៅនៅព្រឹកសុក្រថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ។ នេះបើតាមក្រសួង មហាផ្ទៃ បានបង្ហោះនៅលើហ្វេសប៊ុក។

ក្នុងពិធីនេះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា៖« ក្រសួង មហាផ្ទៃ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិកុមារ កម្ពុជា (CPU) រឹតតែមានភាពជិតស្និទ្ធ ព្រមទាំងឆ្លើយតបបានលឿន ចំពោះបទល្មើសដែលកើតមានឡើងនៅកម្ពុជា ព្រមទាំងបន្តគាំទ្រ ចំពោះ សកម្មភាពរបស់អង្គភាព CPU ដើម្បីកុមារផងដែរ»។
ជាមួយគ្នានេះលោកជំទាវបានសម្តែងសេចក្ដីរីករាយ ក្នុងនាមក្រសួង មហាផ្ទៃ សម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ គ្នាជាថ្មីម្ដងទៀត ជាមួយអង្គភាព CPU ដែលបានធ្វើការជាមួយគ្នា អស់ រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយក៏ទទួលបានលទ្ធផលល្អ ប្រសើរ ទាក់ទងទៅនឹងការបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើស ព្រហ្មទណ្ឌ ដែលពាក់ព័ន្ធទៅនឹងកុមារ។

លោកជំទាវ បានសង្កេតឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ការអនុវត្តបង្រ្កាបបទល្មើសនានា អង្គភាព CPU បានស្គាល់បទ ពិសោធន៍កាន់តែច្បាស់ ក្នុងទម្រង់បទល្មើសដែលមានទៅលើកុមារ នៅកម្ពុជា។
ទន្ទឹមនេះ លោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណចំពោះ ក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែគាំទ្រចំពោះសកម្មភាពរបស់អង្គភាពCPU។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ ដែលតែងតែជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនានា ពាក់ព័ន្ធ ទៅ នឹងកុមារ។

នាឱកាសនោះដែរលោក James McCabe បានរំឮកដែរថា អង្គភាព បានធ្វើកិច្ចសហប្រតិបត្តិការអស់រយៈពេល១០ឆ្នាំកន្លង មក ហើយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋានគរបាលជាតិ លើការងារដើម្បីកុមារនៅកម្ពុជានេះ។

សូមជម្រាបជូនដែរ ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្ដីពីការចូលរួម ចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២-២០២៤ នាពេលនេះ គឺលើកទី០៤ ហើយ៕
ដោយ៖សុខ រក្សា