គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត បានចូលរួម សិក្ខាសាលា ស្តីពី «ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់» របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញក្នុងសិក្ខាសាលាស្តីពី «ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់» ដែលបានធ្វើឡើងដោយផ្ទាល់សម្រាប់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងតាមរយៈអនឡាញ (Zoom) សម្រាប់គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមកម្ពុជា និងតាមបណ្តាសាខាទាំងអស់។

លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលា ៤ចំណុច ជូនអង្គសិក្ខាសាលាដូចជា៖
១. បង្កើនសមត្ថភាព និងការយល់ដឹងរបស់មន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ស្រ្តីដែលមានអាយុចន្លោះពី ៣០-៤៩ឆ្នាំ ទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់។
២. ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ស្រ្តី ទៅនឹងបញ្ហា ប្រឈមនៃជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។
៣. ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរួមចំណែកកាត់ បន្ថយអត្រាមរណៈរបស់មាតា និងស្រ្តី ឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត តាមរយៈការអប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់គាំពារដល់សុខភាពស្រ្តីជាមាតា និងសុខភាពបន្តពូជរបស់យុវវ័យ រួមទាំងការទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ឱ្យបានទាន់ពេលវេលា។
៤. ផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិ ពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខុមាលភាពរបស់ប្រជាជន។

សូមបញ្ជាក់ថា បើយោងតាម របាយការណ៍របស់នាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា បានបង្ហាញថា ៖ នៅក្នុងប្រទេសកម្ពុជាគេប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ ស្រ្តីប្រមាណ ១.៥០០នាក់ ត្រូវបានគេរកឃើញថាមានជំងឺ មហារីកមាត់ស្បូន ហើយយ៉ាងហោចណាស់មានស្រ្តី ៩០០នាក់ បានស្លាប់ដោយសារជំងឺនេះ។ ការសិក្សា បានបង្ហាញឱ្យឃើញថា ស្រ្តីដែលមានជំងឺមហារីកមាត់ស្បូន មានអត្រាស្លាប់ខ្ពស់ជាងអត្រា មរណភាពមាតា ហើយតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យឃើញថា ជំងឺមហារីកមាត់ស្បូនអាចការពារបាន ប្រសិនបើរកឃើញ នៅដំណាក់កាលដំបូង។ ដោយឡែក ជំងឺមហារីកសុដន់ ពុំទាន់មានការបញ្ជាក់ថាមានវ៉ាក់សាំងការពារនៅឡើយ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner