បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាវិស័យសាសនាជួយ «សម្រេចបានការផ្សះផ្សាររួបរួមជាតិខ្មែរ» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាភាពមិនរើសអើង នៃវិស័យសាសនា គឺជាផ្នែកសំខាន់មួយនៃ «ការធ្វើឱ្យសម្រេចបានការផ្សះផ្សាររួបរួមជាតិខ្មែរ» ដែលប្រសាសន៍នេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលវិស័យសាសនាក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា នៅក្នុងខេត្តព្រះវិហារនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា បានថ្លែងថា «សម្តេចតេជោតែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរ… និងមិនមានការរើសអើងដែលនេះ គឺជាមូលដ្ឋានចម្បង ក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា»។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះសមិទ្ធផលដែលកើតមាន នៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ ឆ្នាំនេះ និងថ្លែងកោតសរសើរ ចំពោះចក្ខុវិស័យវែងឆ្ងាយ របស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតក្នុងការកសាង សមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង។ លោកបានបញ្ជាក់ថា «វឌ្ឍនភាពនេះ មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់ នៃកត្តាសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ»។

លោកនៅបានថ្លែងទៀតថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់។

ads banner