ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីមូលនិធិ CDPF បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ផ្តល់នូវការអភិវឌ្ឍន៍សមត្ថភាព និងឱកាសបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទូទៅដោយសង្កត់ធ្ងន់លើតម្រូវការចម្រុះ និងការអភិវឌ្ឍរបស់អ្នកដឹកនាំជាស្ត្រី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបង្ហាញអំពីកម្មវិធីនវដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ និងប្រកាសទទួលស្គាល់ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវវគ្គបណ្តុះបណ្តាលដែលបានចងក្រងតាមរយៈកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ
កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រមានពីរផ្នែកធំៗគឺ៖
១. ផ្ដោតលើការផ្តល់នូវតម្រូវការអភិវឌ្ឍន៍វិជ្ជាជីវៈដល់មន្ត្រីគ្រប់គ្រងនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ២. ការផ្តល់ការអភិវឌ្ឍន៍សមត្ថភាពជាក់លាក់ ដើម្បីបំពេញតម្រូវការរបស់ស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅតាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តគោលដៅ។
កម្មវិធី “អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ” គឺជាធាតុផ្សំដ៏សំខាន់មួយ ដែលចាំបាច់ដើម្បីសម្រេចបាននូវការប្ដេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានាឱ្យមានធនធានមនុស្សដែលប្រកបដោយបរិយាបន្ន និងមានសមត្ថភាពគ្រប់គ្រង និងភាពជាអ្នកដឹកនាំឱ្យប្រកប ដោយប្រសិទ្ធភាពនៅក្នុងក្រសួង៕ ដោយ-រ៉ាវុធ








