ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ ទៅដល់អ៊ីរ៉ង់ ក្រោយរកឃើញភាគល្អិតអាចផលិតគ្រប់បែកបរិមាណូ

ប្រមុខទីភ្នាក់ងារទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានអញ្ជើញទៅដល់ទីក្រុងតេហេរ៉ង់ ដើម្បីធ្វើកិច្ចចរចាសំខាន់ៗ ជាមួយនឹងភាគីប្រទេសអ៊ីរ៉ង់។

អគ្គនាយក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) ត្រូវបានគេមើលឃើញថា បានជួបជាមួយអ្នកនាំពាក្យអង្គការបរមាណូអ៊ីរ៉ង់ លោក បេរូស កាម៉ាល់វ៉ាន់ឌី (Behrouz Kamalvandi) នៅអាកាសយានដ្ឋាន មេហ អាបេត (Mehr Abad) ក្នុងទីក្រុង តេហេរ៉ង់ (Tehran) ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។

ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិរូបនេះ កំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាជាមួយមន្ត្រី បន្ទាប់ពីក្រុមអធិការកិច្ចរបស់ទីភ្នាក់ងាររបស់លោក នៅក្នុងប្រទេសនេះ បានរកឃើញថា ភាគល្អិតអ៊ុយរ៉ានីញ៉ូម សំបូរទៅដោយកម្រិតអាវុធកម្រិតទាប។

ដំណើរទស្សនកិច្ចរបស់
លោក រ៉ាហ្វាអែល ហ្គ្រូស៊ី បានធ្វើឡើង ស្របពេលដែលអង្គការដែលមានមូលដ្ឋាន នៅទីក្រុងវីយែន ស្វែងរកបានកិច្ចសហប្រតិបត្តិការកើនឡើង ជាមួយនឹងអ៊ីរ៉ង់លើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។

ប្រមុខទីភ្នាក់ងារទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិ ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋាន ដោយអ្នកនាំពាក្យរបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ ហើយក្រោយមក បានជួបជាមួយ លោក ម៉ូហាម៉េដ អ៊ីស្លាមី (Mohammad Eslami) ប្រមុខអង្គការថាមពលអាតូមិកអ៊ីរ៉ង់។ យ៉ាងណាមិញ លទ្ធផលលម្អិតនៃជំនួបទាំងនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។

គួរកត់សម្គាល់ថា អ្នកការទូតអាហ្សង់ទីនក៏គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ និង មន្ត្រីអ៊ីរ៉ង់ផ្សេងទៀត ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេលពីរថ្ងៃផងដែរ។

របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលត្រូវបានឃើញ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ភាគល្អិតអ៊ុយរ៉ាញ៉ូមបានបង្កើនរហូតដល់ ៨៣.៧ ភាគរយ ដែលត្រូវការសម្រាប់ផលិតគ្រាប់បែកបរមាណូ ត្រូវបានគេរកឃើញ នៅរោងចក្រ ហ្វ័រដូ (Fordo) ក្រោមដីរបស់អ៊ីរ៉ង់ ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner