យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ បានប្រកាសបើកជាផ្លូវការចាប់ពីថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងបរិស្ថាននិងដៃគូបន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យលើកទី១ សម្រេចបានជោគជ័យកន្លងទៅ យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការក្នុងខេត្តចំនួន៥តាមជួរភ្នំក្រវាញចាប់ពីថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ។
ពិធីនេះបានបា្ររព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។
គួរបញ្ជាក់ថាយុទ្ធនាការ ”អន្ទាក់សូន្យ” ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤គឺ ទី១)ការពង្រឹងការគាំទ្រ ប្រមូលនូវធនធានដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ទី២)ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ទី៣)ការពង្រឹងទៅលើការអនុវត្តច្បាប់និងពង្រឹងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងទី៤)ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំ នៃតំបន់ជួរភ្នំក្រវាញ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងសៀមរាប។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកឱ្យដឹងថា ថ្ងៃទី៣ ខែមីនានេះ នៅក្នុងក្របខ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែប្រារព្ធទិវាជាតិវប្បធម៌ ប៉ុន្តែបើក្នុងក្របខ័ណ្ឌនៃវិស័យបរិស្ថាន នៅថ្ងៃទី៣ ខែមីនានេះ ពិភពលោកកំពុងតែប្រារព្ធទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ «ភាពជាដៃគូដើម្បីការអភិរក្សសត្វព្រៃ»។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២កន្លងទៅ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ បានជួបជុំគ្នាម្តងហើយ ដើម្បីបើកយុទ្ធនាការនៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់៦ខេត្ត នៅភាគខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ដដែលនេះ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ បានជួបជុំគ្នាម្តងទៀត ដើម្បីប្រកាសជាផ្លូវការនូវយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នឹងតម្រង់ឆ្ពោះទៅកាន់ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប នៅក្នុងបុព្វហេតុ ដើម្បីបរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទនៅកម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ក្រសួងបរិស្ថាន រួមនឹងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ រៀបចំនៅក្នុងតំបន់ជួរភ្នំក្រវាញខាងលើ ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ដោយរំពឹងថា នឹងមានការចូលរួម និងពង្រឹង ព្រមទាំងពង្រីកនូវការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃព្រៃនៅក្នុងប្រព័ន្ធអេកូឡូស៊ី ការចូលរួមនូវការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀតពីផលប៉ះពាល់នៃអន្ទាក់ចំពោះសត្វព្រៃ និងបង្កើនសកម្មភាពប្រកបដោយប្រសិទ្ធភាពផ្សេងទៀត ដើម្បីចូលរួមលុបបំបាត់វិបត្តិអន្ទាក់។
ឯកឧត្តម បានបន្តទៀតថា តាមរយៈយុទ្ធនាការនេះ នឹងរំពឹងថាបរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។
តាមរយៈយុទ្ធនាការនេះ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាននូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ និងលទ្ធភាពគ្រប់គ្រាន់នៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ បច្ចុប្បន្ននេះ កម្ពុជាបានស្ថិតនៅក្នុងបរិបទថ្មី គឺរក្សាឈើឈរ ដើម្បីទទួលបានចំណូល តាមរយៈការលក់ឥទានកាបូន និងទេសចរណ៍ធម្មជាតិ ហើយធនធានដែលទទួលបានត្រូវបានពង្រឹងនិងពង្រីកការងារអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍។ យុទ្ធនាការអន្ទាក់សូន្យ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីទាំងអស់៕ដោយ៖ម៉ាដេប៉ូ



