តុលាការពន្យារពេលប្រកាសសាលក្រមសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញពុំទាន់អាចប្រកាសសាលក្រម សំណុំរឿង ឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា ដែលគេដឹងថា ជាសង្សារលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅឡើយទេ។ លោក ហម ម៉េងសែ បានប្រកាសជូនសវនាការ នាព្រឹកនេះថា ដោយសារសំណុំរឿងនេះ មានភាពស្មុគស្មាញពេក គប្បីក្រុមប្រឹក្សាជំនុំជម្រះត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យ និងពិចារណា ឲ្យបានហ្មត់ចត់ និង មិនទាន់កំណត់ពេលវេលា ជាក់លាក់នៃការប្រកាសសាលក្រមសំណុំរឿងឃាតកម្មមួយនេះនៅឡើយទេ។
សូមជម្រាបជូនថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសរបស់លោក ឡាយ វណ្ណៈ ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនាពេលកន្លងមកក្រុមជនជាប់ចោទសុទ្ធតែបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ ដោយពួកគេបានត្រឹមសារភាពថា បានយកទូរស័ព្ទរបស់ជនរងគ្រោះទៅបោះចោលក្នុងបឹងតាម៉ុក ដើម្បីបំបិទភ័ស្តុតាងប្រាកដមែន។
រីឯសាក្សី មន្ត្រីកោសល្យវិច័យនៅខេត្តតាកែវ និងឪពុកបង្កើតរបស់ជនរងគ្រោះ សុទ្ធតែអះអាង និងជឿជាក់ថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួន មិនមែនជារឿងឃាតកម្មនោះទេ។ ប៉ុន្តែមន្ត្រីជំនាញកោសល្យវិច័យ ក្រសួងមហាផ្ទៃ បានសន្និដ្ឋានថា ករណីជនរងគ្រោះ ចេវ សុវឌ្ឍនា អាចជារឿងឃាតកម្ម ដែលបង្កឡើងដោយក្រុមជនជាប់ចោទទាំង ៤នាក់ខាងលើ។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ហៅ ស្រីពៅ ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ធ.ដ



