អ្នកឃ្លាំមើលថាមពលសកល៖ ការបំភាយឧស្ម័ន CO2 ប្រហែលជានឹងចាប់ផ្តើមនៅថេរ

អន្តរជាតិ៖ការសិក្សាស្រាវជ្រាវពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតសកលនៅតែ កើន ឡើង ប៉ុន្តែយ៉ាងហោចណាស់វាអាចនឹងឈានដល់កម្រិតមួយ ដែល ការបំភាយចាប់ផ្ដើមនៅនឹងថេរ។

ឧស្ម័ន CO2 ពីវិស័យថាមពល ដែលជាប្រភពនៃការបំភាយឧស្ម័នដ៏ធំ បំផុត បានកើនឡើងតិចជាង ១ ភាគរយក្នុងឆ្នាំ ២០២២ ទោះបីជា មានភាពច្របូកច្របល់នៅក្នុងទីផ្សារថាមពលបណ្តាលមកពីការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីក៏ដោយ។

របាយការណ៍របស់ IEA ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បាន និយាយថា ការបំភាយឧស្ម័ន CO2 ដែលទាក់ទងនឹងថាមពលសកល បានកើនឡើង ០,៩ ភាគរយ ឬស្មើនឹង ៣២១ លានតោននៅឆ្នាំ ២០២២។ ចំនួននេះ ធ្វើឱ្យការបំភាយឧស្ម័ន CO2 បានឈាន ដល់កម្រិត ខ្ពស់ថ្មីជាង ៣៦,៨ ប៊ីលានតោន។

កំណើន៦ភាគរយនៃការបំភាយពីវិស័យថាមពល ដែល IEA កត់ត្រា នៅឆ្នាំ ២០២១។ ទោះបីជាយ៉ាងនេះក្ដី ដើម្បីសម្រេចបាន គោលដៅនៃ ការកាត់បន្ថយការបំភាយឧស្ម័ននេះឱ្យបានពាក់កណ្ដាលនៅទសវត្សរ៍នេះ លុះត្រាតែការបំភាយត្រូវថយចុះ ៧ ភាគរយក្នុងមួយឆ្នាំ។
អ្នកជំនាញជាច្រើនបានព្រួយបារម្ភថា ការកើនឡើងនៃតម្លៃឧស្ម័ន អាចជំរុញឱ្យប្រទេសនានាត្រឡប់ទៅប្រើប្រាស់ធ្យូងថ្ម ដែលធ្វើឱ្យ មានការបំភាយកាបូនខ្ពស់ជាងនេះ។ ប៉ុន្តែថាមពលកកើតឡើងវិញ ហាក់ដូចជារួមចំណែកជាវិជ្ជមានមួយចំណែកធំ ខណៈប្រទេស ជាច្រើនងាកទៅប្រើប្រាស់ថាមពលមានប្រភពពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម។

យ៉ាងណាមិញ សូម្បីតែកំណើនតិចតួចនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ក៏ធ្វើឱ្យពិភពលោកស្ថិតនៅឆ្ងាយពីផ្លូវឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតកាបូន ដែលជាគោលដៅអន្តរជាតិដើម្បីទប់កម្ដៅពិភព លោក ឱ្យនៅត្រឹម ១,៥ អង្សាសេ បើប្រៀបធៀបនឹងសម័យមុនបដិវត្តន៍ ឧស្សាហកម្ម។
លោក Fatih Birol នាយកប្រតិបត្តិនៃ IEA បានមានប្រសាសន៍ថា ផលប៉ះពាល់នៃវិបត្តិថាមពលមិនបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់នោះទេ ហើយនោះដោយសារ តែកំណើនការប្រើប្រាស់ថាមពលកកើតឡើងវិញ រថយន្តអគ្គិសនី និងបច្ចេកវិទ្យាស៊ីថាមពលតិចតួចជាដើម។ បើគ្មានថាមពលស្អាតទេ កំណើននៃការបំភាយឧស្ម័ន CO2 នឹងឡើងខ្ពស់ជិត ៣ ដងហើយ។
ទោះបីជាមានសុទិដ្ឋិនិយមបែបនេះក្ដី លោកបានបន្ថែម Birol ថា៖ «យើងនៅតែឃើញការបំភាយឧស្ម័នដែលកំពុងកើនឡើងពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលរារាំងដល់ការខិតខំប្រឹងប្រែងដើម្បីសម្រេច បានគោលដៅអាកាសធាតុពិភពលោក»។

របាយការណ៍ចុងក្រោយ IEA បានគូសបញ្ជាក់ផងដែរថា ការ បំភាយឧស្ម័នពីធ្យូងថ្មបានកើនឡើង ១,៦ ភាគរយនៅឆ្នាំមុន ខណៈ ការបំភាយពីប្រេងបានកើនឡើង ២,៥ ភាគរយ ដោយសារតែការ ស្ទុះឡើងវិញនៃការបើកលំហអាកាសក្រោយការរឹតត្បឹតកូវីដ ស្របពេលដែលការបំភាយពីឧស្ម័យធម្មជាតិបានធ្លាក់ចុះរហូតដល់ ១,៦ ភាគរយ៕
ដោយ៖ហួន ឌីណា

ads banner