ក្រសួងការបរទេសកម្ពុជាកំពុងតែស្វះស្វែងជួយអន្តរាគមន៍ ប្រជាពលរដ្ឋខ្មែរចំនួន ៨៥ នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនខែមកហើយនៅមិនទាន់ដោះលែងឲ្យមានសេរីភាពឡើងវិញ
ក្រសួងការបរទេសកម្ពុជា កំពុងតែស្វះស្វែងជួយអន្តរាគមន៍ប្រជាពលរដ្ឋខ្មែរចំនួន ៨៥នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួន ដាក់ពន្ធនាគារជាច្រើនខែមកហើយនៅមិនទាន់ដោះលែងឲ្យមានសេរីភាពឡើងវិញ ។ ទន្ទឹមនេះ ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុង បាងកក កំពុងតែធ្វើការតវ៉ាចំពោះការឃុំខ្លួន ប្រជាពលរដ្ឋខ្មែរ ៨៥នាក់ លើសការកំណត់ ។
អ្នកនាំពាក្យ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ឯ.ឧ កេត សោផាន់ បានបញ្ជាក់ កាលពីល្ងាច ថ្ងៃទី ២១ ខែសីហា ប្រជាពលរដ្ឋខ្មែរ ទាំង ៨៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ជាយូរខែមកហើយ តែចុងក្រោយនេះ ខាងអគ្គកុងស៊ុល នៅ ស្រះកែវ ក៏ដូចជាស្ថានទូតនៅបាងកកបានដុតដៃដុតជើងបានទៅមើលពួកគាត់នៅកន្លែង ឃុំឃាំងហើយ ពួកគាត់មានសុខភាពល្អ មានការទំនុកបម្រុងត្រឹមត្រូវ ។ ដោយ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋ ចំនួន ៦១នាក់ ត្រូវបានគេបញ្ជូនពីកន្លែងឃុំឃាំងនៅ បាងកកយកមកដាក់ឃុំឃាំង នៅស្រះកែវ ។ ហើយការឃុំខ្លួន ពួកគាត់គឺ លើសរយៈពេលដោយស្ថានទូតកំពុងតែតវ៉ា ។
អ្នកនាំពាក្យ ក្រសួងការបរទេសបាន បន្តថាចំពោះ ការឃុំខ្លួនប្រជាពលរដ្ឋខ្មែរ លើសរយៈ ពេលនេះភាគី ថៃឆ្លើយថា ដោយសារតែ ចង់រក្សាទុកពួកគាត់ ( ប្រជាពលរដ្ឋខ្មែរ ) ដើម្បីជាបន្ទុកក្នុងការឆ្លើយនៅចំពោះមេខ្យលថៃ ចំនួនប្រាំពីរនាក់ ពាក់ព័ន្ធការរត់ពន្ធ មនុស្ស ។ ស្ថានទូត និងអគ្គកុងស៊ុលនៅស្រះកែវកំពុងខិតខំធ្វើការងារនេះបន្តទៀត ៕