ម៉ូតូស្កុបពីបុករឺម៉កឥណ្ឌាបណ្ដាលឲ្យក្រឡាប់ រួចវាយតបគ្នាបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូស្កុបពីមួយគ្រឿងបត់មកបុក និងរឺម៉កកង់បីឥណ្ឌាបណ្ដាលឲ្យក្រឡាប់ រួចហើយក៏ដើរមកវាយម្ចាស់រឺម៉កកង់បីឥណ្ឌាថែម ត្រូវបានប្រជាពលរដ្ឋជួយឃាត់ និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់ជាម្ចាស់រឺម៉កកង់បីឥណ្ឌា បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករឺម៉កកង់បីឥណ្ឌា ធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AP-1736 ធ្វើដំណើរបញ្ច្រាស់គ្នា ហើយបត់មកឆ្វែងដៃឆ្លងផ្លូវយ៉ាងលឿន និងមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុករឺម៉កកង់បីឥណ្ឌាចំពីមុខចំហៀង ពេញទំហឹង បណ្ដាលឲ្យរឺម៉កកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងម្ខាង តែភាគីទាំងសងខាងរងរបួសស្រាល។
ក្រោយកើតហេតុភ្លាមៗ ភាគីខាងម្ចាស់ម៉ូតូស្កុបពី បានដើរមកវាយភាគីខាងរឺម៉កកង់បីឥណ្ឌាមុន ទើបក៏បង្កឲ្យមានការប្រតាយប្រតបគ្នាត្រូវបានប្រជាពលរដ្ឋជួយបំបែក ហើយទាក់ទងទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ។ ភ្លាមនោះ ភាគីខាងម៉ូតូស្កុបពីបានព្យាយាមគេចខ្លួនបាត់ បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយតាមក្រោយ ៕ធ.ដ