ប្រមុខ អ.ស.ប នឹងជួបពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែន ជុំវិញកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី ក្នុងទីក្រុងកៀវ នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។

លោក ស្តេហ្វេន ឌូចារីគ អ្នកនាំពាក្យរបស់លោក ហ្គូទែរេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកអគ្គលេខាធិការទើបតែបានមកដល់ប្រទេសប៉ូឡូញក្នុងដំណើររបស់គាត់ទៅកាន់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បន្តថា លោក ហ្គូទែរេស និងលោក ហ្សេលេនស្គី នឹងជួបពិភាក្សាគ្នាអំពីការបន្ត នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់របស់វា។ អំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ លោក ហ្គូទែរេស ក៏នឹងពិភាក្សាជាមួយលោក ហ្សេលេនស្គី អំពី “បញ្ហាពាក់ព័ន្ធផ្សេងទៀត” ផងដែរ ហើយបើតាមលោក ឌូចារីគ វាគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់ប្រមុខអង្គការសហប្រជាជាតិទៅកាន់អ៊ុយក្រែនក្នុងឆ្នាំចុងក្រោយនេះ។

លោក ហ្គូទែរេស នឹងត្រឡប់ទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កវិញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សូមរម្លឹកថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយភាគីតួកគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី-អ៊ុយក្រែន។

កិច្ចព្រមព្រៀងដែលផុតកំណត់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានបន្តរយៈពេល១២០ថ្ងៃទៀត។ លោក ហ្គូទែរេស ក៏បានអំពាវនាវម្តងហើយម្តងទៀតសម្រាប់ការបន្តកិច្ចព្រមព្រៀងនេះផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner