ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបកើនឡើង ២.៣ភាគរយក្នុងឆ្នាំ២០២២

មូស្គូ៖ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានកើនឡើង២.៣ភាគរយក្នុងឆ្នាំ២០២២ ខណៈតួលេខនេះឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤មក។ នេះបើតាមសារព័ត៌មានរុស្ស៊ី RIA Novosti ស្រង់ទិន្នន័យពីស្ថាប័ន Eurostat។

ការនាំចេញទំនិញពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២២ បានកើនឡើងមួយភាគបួន និងឈានដល់ទំហំទឹកប្រាក់២០៣.៤ប៊ីលានអឺរ៉ូ តិចជាងចំនួនអតិបរមាជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១២ ដែលមាន២០៣.៦ប៊ីលានអឺរ៉ូ។

ក្នុងពេលជាមួយគ្នានេះ ការនាំចេញពីសហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះប្រហែល៣៨ភាគរយ មកនៅត្រឹម៥៥.២ប៊ីលានអឺរ៉ូ ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ២០០៥។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បណ្តាប្រទេសសហភាពអឺរ៉ុបបានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាបន្តបន្ទាប់។

តំណាងអចិន្ត្រៃយ៍ស្តីទីរបស់រុស្ស៊ីប្រចាំនៅសហភាពអឺរ៉ុប លោក គីរៀល ឡុកវីណូវ បាននិយាយថា ការរឹតបន្តឹងរបស់អឺរ៉ុបបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មទៅវិញទៅមក ប៉ុន្តែលំហូរពាណិជ្ជកម្មមិនបានរីងស្ងួតទាំងស្រុងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទណ្ឌកម្មចូលជាធរមាន ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ (អឺរ៉ុប-រុស្ស៊ី) ត្រូវបានគេរំពឹងថា នឹងថយចុះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner