ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអំពាវនាវដល់ភាគីពាក់ព័ន្ឋទាំងអស់ សូមបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពឆ្នាំ២០៣០

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពីចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបានរៀបចំធ្វើនៅទីស្តីការ      គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋ   មន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ  ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាជនបង្គោល នៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា បានមានប្រសាសន៏ថា  កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រៀងស្តីពីចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា ដើម្បីដាក់ជូនកម្មាធិការចលនាបង្កើន     អាហារូបត្ថម្ភពិភពលោក  ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៏ប្រកបដោយចិរភាពនៅឆ្នាំ២០៣០ ព្រមទាំងពិភាក្សាផងដែរទៅលើវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ៥ឆ្នាំលើកទី២ (២០១៩-២០២៣) និងទិសដៅជាយុទ្ឋសាស្ត្ររបស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្ពោះទៅឆ្នាំ២០៣០។
លោកស្រី ហ្គីនេត្រ កូតេស Ms. Gwyneth Cotes នាយកប្រចាំប្រទេស នៃអង្គការហែឡិនឃែលឺ និងជាតំណាងចលនាបង្កើនអាហារូបត្ថម្ភពិភពលោក, លោក បែនចាមីន ណូឌល័រ (Benjamin Knoedler) តំណាងស្ថានទូតសហព័ន្ឋអាលឺ្លម៉ង់ប្រចាំកម្ពុជា, លោកស្រី ហែ្វនឆេស្កា អែលដែលមិន Francesca Erdelmann នាយិកាអង្គការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា និងជាតំណាងបណ្តាញអង្គការសហប្រជាជាតិដើម្បីអាហារូបត្ថម្ភនៅកម្ពុជា និងលោកស្រី គ្រីស្ទាន អាណូអាត ប្រធានអង្គការយូនីសេហ្វ នៅកម្ពុជា សុទ្ឋតែបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឲ្យមានភាពប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ ក្នុងនោះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានដើរតួនាទីកាន់តែសំខាន់ក្នុងការដឹកនាំ សម្របសម្រួលគ្រប់តួអង្គពាក់ព័ន្ឋ ដើម្បីធ្វើការួមគ្នាក្នុងការកែលម្អរស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា ព្រោះសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាស្នូលនៃការអភិវឌ្ឍន៏ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ ដែលទាមទារឲ្យមានការចូលរួមឲ្យខ្លាំងក្លាពីពហុវិស័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា ចលនាបង្កើនអាហារូបត្ថម្ភ ជាចលនាប្រមូលផ្តុំ នូវអ្នកពាក់ព័ន្ឋទាំងអស់ ទាំងរដ្ឋាភិបាល  ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល  វិស័យឯកជន អង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ នៅគ្រប់វិស័យទាំងអស់ ឲ្យចូលរូមដោះស្រាយ និងបង្កើនកិច្ចអន្តរាគមន៏ ដើម្បីធានាឲ្យមនុស្សគ្រប់រូបមានស្បៀងអាហារគ្រប់គ្រាន់ និងលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ដោយមើលឃើញពីសារៈសំខាន់ទាំងនេះហើយ ទើបរាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏   វិស័យកសិកម្ម និងជនបទ ដើម្បីកម្ពុជាចូលជាសមាជិកទី៥៣នៃចលនាបង្កើនកិច្ចអន្តរាគមន៏អាហារូត្ថម្ភពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤។
ឯកឧត្តមបន្តថា រាជរដ្ឋាភិ-បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានមោទនភាពចំពោះសមិទ្ឋផលដ៏ធំធេងដែលសម្រេចបាន ក្នុងការឆ្លើយតបនឹងគ្រោះអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភ  ហើយបច្ចុប្បន្ន កម្ពុជាកំពុងឈានទៅសម្រេចបាននូវស្ថានភាពជាប្រទេសមួយដែលមានបញ្ហាគ្រោះអត់ឃ្លានតិចតួច ដោយទទួលបានពិន្ទុខ្ពស់បំផុតក្នុងការកាត់បន្ថយភាពស្រេកឃ្លាន ដែលត្រូវបានវាស់វែងតាមរយៈសន្ទស្សន៏ពិន្ទុនៃគ្រោះអត់ឃ្លានសកលឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ ហើយកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងបន្តទៀតដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ដូចជាបញ្ហាធាត់លើសទម្ងន់ដែលកើតឡើងច្រើនក្នុងចំណោមស្ត្រីក្នុងវ័យបន្តពូជ បញ្ហាក្រិសក្រិន ស្គមស្គាំង និងជម្រុញការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីសម្រេចបាននូវគោលដៅរួម នោះគឺ កាត់បន្ថយភាពអត់ឃ្លាន និងភាពក្រីក្ររបស់ប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ឋផលដែលសម្រេចបានខាងលើ គឺវាបានមកពីការប្តេជ្ញាចិត្ត និងកិច្ចខិងខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ឋសាស្ត្រចតុកោណ ដែលផ្តល់អទិភាពខ្ពស់ដល់ការវិនិយោគសាធារណៈលើវិស័យនានា។
 ដោយឡែក ជោគជ័យនានាដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលបាននាពេលកន្លង គឺឈរលើកត្តាបី គឺទី១. មានការចង្អុលបង្ហាញពីសម្តេចតេជោនាយករដ្ឋមន្ត្រី, ទី២. មានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ឋ និងទី៣. មានការកែទម្រង់ផ្ទៃក្នុងស្របតាមតម្រូវជាក់ស្តែង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ឋទាំងអស់ សូមបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពឆ្នាំ២០៣០ គឺ “មិនទុកឲ្យនរណាម្នាក់នៅពីក្រោយការអភិវឌ្ឍ” ពិសេសគោលដៅទី២ គឺ” បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបាននូវសន្តិសុខស្បៀង លើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ ប្រកបដោយចីរភាព៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner