កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន លើអនុវិស័យជលផល និងផលិតកម្មសត្វ” និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល ត្រូវបិទបញ្ចប់ដោយជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីបិទបញ្ចប់កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ” និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល ដែលកម្មវិធីទាំងពីរបានទទួលជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU)។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ។
ឯកឧត្តម Geoge Edgar បានសម្តែងនូវទឹកចិត្តសប្បាយរីករាយក្នុងនាមដៃគូអភិវឌ្ឍរយ:ពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃើញសមិទ្ធផលដ៏មានតម្លៃជាច្រើន កើតចេញពីកម្មវិធីខាងលើ ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផល និងផលិតកម្មសត្វ ដោយបានផ្តល់ប្រយោជន៍ដោយត្រង់ឲ្យទៅកសិករខ្នាតតូចនៅទូទាំងប្រទេស។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា ជំនួយហិរញ្ញវត្ថុនេះនឹងជួយក្រសួង ដៃគូអភិវឌ្ឍ ភាគីពាក់ព័ន្ធ និងជា ពិសេសសហគមន៍នេសាទក្នុងការសហការគ្នាយ៉ាងសកម្ម ហ្មត់ចត់ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានជនផលទាំងទឹកសាប និងសមុទ្រឲ្យកាន់តែមានប្រសិទ្ធភាព ផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍កាន់តែប្រសើរឡើង ហើយខ្លួនលោកផ្ទាល់ ក៏ដូចជា EU ចង់ឃើញប្រជាពលរដ្ឋកម្ពុជាទទួលបានប្រយោជន៍ពីកម្មវិធីនេះដោយស្មើភាពគ្នា តម្លាភាព ចីរភាព និងនិរន្តរភាពនៃធនធានធម្មជាតិបឹងទន្លេសាប និងសមុទ្រដ៏មានតម្លៃរបស់កម្ពុជា។
ឯកឧត្តមវេង សាខុន បានរំឭកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់ EU សម្រាប់អភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ១៩៩៣ ដែលមាន៖
១-គម្រោងទី១÷ “ការស្តារឡើងវិញវិស័យកសិកម្មនៅកម្ពុជា-ប្រាសាក់ PRASAC ថវិកា ៨០ លានអឺរ៉ូ សម្រាប់ រយៈពេល៨ឆ្នាំ (១៩៩៥-២០០៣) ហើយកម្មវិធីឥណទានរបស់គម្រោងនេះ បានបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ កំពុងដំណើរការមកទល់បច្ចុប្បន្ន។
២-គម្រោងទី២÷ “ការចិញ្ចឹមសត្វខ្នាតតូច Cambodia Smallholder Livestock Production Project, SLPP” ថវិកា ៥លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៥- ២០១០)។
៣-គម្រោងទី៣÷ “ការស្តារឡើងវិញ លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅបណ្តាខេត្ត នៃតំបន់ពាយ័ព្យហៅកាត់ថាអេកូសន” (Economic and Social Relaunch of Northwest Provinces, ECOSORN) ២០លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៦-២០១០)។
៤-គម្រោងទី៤÷ “សន្តិសុខស្បៀង EU Food Facility Project” ថវិកា ១១លានអឺរ៉ូ សម្រាប់ ១ឆ្នាំ(២០១០-២០១១) នៅខេត្តគោលដៅចំនួន១០។
៥-គម្រោងទី៥÷ “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ” ដែលយើងកំពុងរៀបចំបិទបញ្ចប់នាពេលនេះ EU បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២០លានអឺរ៉ូ និងរាជរដ្ឋាភិបាលចំនួន៦លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០១៤-២០១៨)។
ដោយឡែក កម្មវិធីថ្មី ២ទៀត គឺទី១ “ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព និង បរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)”  ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU និង AFD នៅថ្ងៃទី២៧/១១/២០១៧ សម្រាប់ ៦ឆ្នាំ(២០១៨-២០ ២៣) ថវិកា ៣៥លានអឺរ៉ូ(EU ៣០ និង AFD ៥) និងទី២ គឺ “ការជំរុញកំណើនវិស័យជលផលប្រកប ដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា ៨៧ លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋា ភិបាលជាមួយ EU នៅថ្ងៃទី០១/៧/២០១៩ សម្រាប់ ៥ឆ្នាំ(២០១៩-២០២៣)។ សរុបថវិកាហិរញ្ញប្បទានដែលជាជំនួយឥតសំណងរបស់ EU សរុប ១២២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ(២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេកជូនចំពោះ EU ដែលបានផ្តល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការ    កសាងជាតិ និងអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា EU នឹងចូលរួមអភិវឌ្ឍកម្ពុជាជាបន្តទៀត សំដៅប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេសមួយមានភាពជឿនលឿនប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner