ប្រធានាធិបតីស្វីសប្រឆាំងការនាំចេញសព្វាវុធ ទៅអ៊ុយក្រែន ដោយលើកឡើងអំពីអព្យាក្រឹតភាព

អ.ស.ប ៖ ប្រធានាធិបតីស្វីស លោក អេឡែន ប៊ឺសេត បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំនៅអង្គការសហប្រជាជាតិថា ប្រទេសស្វីសនៅតែប្រឆាំងចំពោះការនាំចេញសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសារសង្រ្គាម។

ស្វីសបានរារាំងការនាំចេញសព្វាវុធរបស់ខ្លួនទៅកាន់ប្រទេសនានាដែលកំពុងមានសង្រ្គាម ប៉ុន្តែបញ្ហានៃប្រពៃណីអព្យាក្រឹតភាពដ៏យូររបស់ប្រទេសនេះ កំពុងស្ថិតក្រោមការជជែកដេញដោល ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនពេញមួយឆ្នាំមុនមកម្ល៉េះ។

លោក ប៊ឺសេត ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានាធិបតីរយៈពេលមួយឆ្នាំវិលជុំរបស់ប្រទេសស្វីស បានប្រាប់អ្នកយកព័ត៌មានថា មានការពិភាក្សាអំពីការនាំចេញកាំភ្លើង និងសព្វាវុធ ខណៈដែលយើងមានក្របខ័ណ្ឌច្បាប់របស់យើងនៅក្នុងប្រទេសស្វីស។ វាមិនអាចទៅរួចទេក្នុងការធ្វើបែបនេះ។

លោក ប៊ឺសេត បានបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមប្រឹក្សាសហព័ន្ធ យើងត្រូវតែបែបនេះ (ការប្រឆាំងនឹងការនាំចេញសព្វាវុធទៅអ៊ុយក្រែន) ហើយយើងចង់រក្សាក្របខ័ណ្ឌច្បាប់នេះ និងធ្វើការក្នុងក្របខ័ណ្ឌច្បាប់នេះ។

សូមជម្រាបថា ទោះបីជាមានសម្ពាធពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្វីសបានបដិសេធអនុញ្ញាតឱ្យប្រទេសដែលគ្រប់គ្រងអាវុធផលិតដោយស្វីស នាំចេញវាឡើងវិញទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមឡើយ ហើយបច្ចុប្បន្នស្វីសក៏បានបដិសេធសំណើពីប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងដាណឺម៉ាកផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner