ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមកើនឡើង ១៧,៨ភាគរយក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣
ហាណូយ៖ សមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) បានឱ្យដឹងថា ការនាំចេញផ្លែឈើ និងបន្លែនៅក្នុងប្រទេសវៀតណាម មានទឹកប្រាក់ប្រមាណ៥៩២លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣ កើនឡើង ១៧.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) បានបញ្ជាក់ថា កំណើននៃការនាំចេញនេះ បានផ្តល់នូវប្រាក់ចំណូលដល់វៀតណាម ចំពេលតម្រូវការសកលចុះខ្សោយ ដាក់បន្ថែមទម្ងន់លើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសវៀតណាម។

សមាគមនេះបន្តថា ការនាំចេញផ្លែឈើ និងបន្លែទំនងជានឹងកើនឡើងប្រហែល ២០ភាគរយ ដល់ទឹកប្រាក់ ៤ប៊ីលានដុល្លារនៅឆ្នាំនេះ ដោយបន្ថែមថា ការនេះនឹងផ្តល់នូវការជំរុញដែលត្រូវការច្រើនដល់ការនាំចេញកសិ-រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមដែលបានធ្លាក់ចុះ ២២ភាគរយនៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានប្រកាសកំណត់ត្រាខ្ពស់ដល់ទឹកប្រាក់ ៥៣.២ប៊ីលានដុល្លារកាលពីឆ្នាំមុន។

សមាគមនេះបន្ថែមទៀតថា ក្នុងចំណោមផលិតផលកសិកម្មដែលស្រូបទាញរូបិយប័ណ្ណបរទេសកំពូលៗ មានដូចជាផ្លែទុរេន ស្រកានាគ និងចេក រីឯការនាំចេញផ្លែទុរេនត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ទឹកប្រាក់ ១ប៊ីលានដុល្លារនៅឆ្នាំនេះ។ ទន្ទឹមគ្នា វៀតណាមក៏កំពុងខិតខំជំរុញការនាំចេញផ្លែឈើ និងបន្លែកែច្នៃ ដើម្បីកាត់បន្ថយការខាតបង់ ក្រោយការប្រមូលផល និងបង្កើនតម្លៃនាំចេញផងដែរ៕


ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា