មីយ៉ាន់ម៉ានាំចេញអង្ករជាង១០ម៉ឺនតោនក្នុងខែកុម្ភៈ ឆ្នាំ២០២៣
ណៃពិដោ៖ សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា មីយ៉ាន់ម៉ាបាននាំចេញអង្ករចំនួន ១០៦,៨៥៥តោនក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងចំនួន ១៧១,៨១១តោនដែលបាននាំចេញក្នុងខែមករា ឆ្នាំ២០២៣។
ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) បានបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏បាននាំចេញអង្ករបាក់ចំនួន ៨៤,៥៤៩តោនក្នុងខែកុម្ភៈ បើធៀបនឹងអង្ករបាក់ចំនួន ៩៧,០២៤តោន ដែលបានចុះបញ្ជីក្នុងខែមករា។ តួលេខរបស់សហព័ន្ធបានឱ្យដឹងទៀតថា ប្រទេសចិននៅតែជាអ្នកទិញអង្ករ និងអង្ករដំណើបច្រើនជាងគេរបស់មីយ៉ាន់ម៉ានៅក្នុងខែកុម្ភៈ ដោយបានទិញអង្ករចំនួន ៤៥,០០០តោន និងអង្ករបាក់ចំនួន ៦៤,៣២១តោនក្នុងអំឡុងពេលនោះ។

ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងអំឡុងពេល១១ខែនៃឆ្នាំសារពើពន្ធ ២០២២-២០២៣ ចាប់ពីខែមេសាឆ្នាំមុន ការនាំចេញអង្កររបស់ប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ជាង១.២៨លានតោន ខណៈដែលការនាំចេញអង្ករបាក់របស់ខ្លួនបានកើនឡើងដល់ជាង៨១២,៤៨៨តោន។ ប្រទេសមីយ៉ាន់ម៉ាបានដឹកជញ្ជូនអង្ករ និងអង្ករបាក់ភាគច្រើនរបស់ខ្លួន តាមផ្លូវសមុទ្រ ដោយសារប្រទេសនេះមានឆ្នេរសមុទ្រវែង។
បើតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) ប្រទេសមីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់របស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន ហ្វីលីពីន ជប៉ុន បណ្តាប្រទេសសហភាពអឺរ៉ុប ឥណ្ឌូនេស៊ី បង់ក្លាដែស ម៉ាឡេស៊ី ស្រីលង្កា ប្រទេសអាហ្វ្រិក និងបណ្តាប្រទេសមជ្ឈិមបូព៌ា។ នៅប្រទេសមីយ៉ាន់ម៉ា ស្រូវគឺជាដំណាំដែលដាំដុះច្រើនជាងគេ បន្ទាប់មកគឺសណ្តែក និងគ្រាប់ធញ្ញជាតិដទៃទៀត៕





ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា