មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ភាពចាំបាច់ នៃការធ្វើកំណែទម្រង់យោធា (Video Inside)

អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង និងបានមានប្រសាសន៍បញ្ជាក់លើភាពចាំបាច់នៃការធ្វើកំណែទម្រង់យោធា។

ថ្លែងក្នុងពិធីនៅថ្ងៃទី៩មីនាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា «កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្ត ជំរុញនូវដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្ត នៃសភាពការណ៍ដែលបន្តប្រែប្រួលឥតឈប់ឈរ»។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាកំណែទម្រង់យោធាគឺជា ”ការពង្រឹងប្រៀបការពារជាតិ ដែលជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ »។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមភាគទី១ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការ ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានល្អប្រសើរជូនប្រជាជន ក្នុងរយៈកន្លងមកនេះ ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានផ្តល់អនុសាសន៍បីសម្រាប់ថ្នាក់ដឹកនាំក្នុងជួរបញ្ជាការ ដែលក្នុងនោះរួមមានទី១. រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, ទី២. បន្តកសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣. រៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន ព្រមទាំងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ សម្រាប់ជំនាន់ក្រោយៗទៀត។

ads banner