រាជធានីភ្នំពេញធ្វើសន្និបាតពិនិត្យកិច្ចការត្រូវដោះស្រាយចំពោះមុខ (Video Inside)

រាជធានីភ្នំពេញបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ជាមួយនឹងការពិនិត្យមើលចំណុចប្រឈមនានា និងទិសដៅសម្រាប់ការអភិវឌ្ឍថែមទៀត។ លោកអភិបាលរាជធានី ឃួង ស្រេង បានថ្លែងថាសម្រាប់ផែនការធំៗឆ្នាំ២០២៣ សាលារាជធានីនឹងត្រូវមានកិច្ចការជាច្រើន ដើម្បីដោះស្រាយចំពោះមុខ។

កិច្ចការទាំងនោះរួមមានបញ្ហាសំណល់, ដំណោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ផ្ដោតសំខាន់លើបញ្ហាដីធ្លី, ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការស៊ីហ្គេម និងប៉ារ៉ាហ្គេម, បន្តអនុវត្តភូមិឃុំ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ និងការងារគ្រោះមហន្តរាយ។
រាជធានីភ្នំពេញ គឺបេះដូងសេដ្ឋកិច្ចជាតិដែលកន្លងមកនេះ បានរងប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩។

រាជធានីភ្នំពេញ ក្នុងរយៈពេលដែលពិភពលោកបានរងនឹងវិបត្តិឆ្លងកូវីដ១៩, ការធ្វើអាជីវកម្មបានធ្លាក់ចុះ, ដំណើរការរបស់ក្រុមហ៊ុនសំណង់ និងសហគ្រាសជាច្រើនបានបិទទ្វារ ដែលធ្វើឱ្យដំណើរការជំរុញការអភិវឌ្ឍ បានស្ថិតទ្រឹងមួយកន្លែង ប៉ុន្តែក្រោមនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេស របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបើកប្រទេសរបស់ខ្លួនសាឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១។

លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា កាលពីឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំក្នុងការសាងសង់នូវគម្រោងជាង ១ពាន់ ១០០ គម្រោងក្នុងទំហំទុនប្រមាណជាង ៦០៥លានដុល្លារអាមេរិក។ លោក ឃួង ស្រេង បានថ្លែងថាបច្ចុប្បន្នក្នុងរាជធានី មានរោងចក្រ សហគ្រាស ជាង៦ពាន់កន្លែង ដែលជួយផ្ដល់ការងារ ជាង៥១ម៉ឺនកន្លែង និងសរុបតម្លៃផលិតផលមានជាង២ពាន់លានដុល្លារអាមេរិក ។

រាជធានីភ្នំពេញ បច្ចុប្បន្នមានអគារខ្ពស់ៗចំនួន ១ពាន់៦០៣ អគារ, ក្នុងនោះអគារកម្ពស់ពី៥ជាន់ទៅ ៩ជាន់មាន៩២៦អគារ, អគារកម្ពស់១០ទៅ១៩ជាន់ មាន៤៥២អគារ, អគារកម្ពស់ពី ២០ ទៅ ២៩ជាន់ មាន១២០អគារ, អគារកម្ពស់៣០ ទៅ៣៩ជាន់ មាន៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ឡើងទៅមានប្រមាណ៤០អគារ។

ads banner