សម្តេចតេជោ ហ៊ុន សែន រំឭកនូវគំនិតផ្ដួចផ្ដើមគួរឱ្យចាប់អារម្មណ៍ ៣ចំណុច ដែលពាក់ព័ន្ធនឹងបឹងទន្លេសាប និងទន្លេសាប
កំពង់ធំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកនូវគំនិតផ្ដួចផ្ដើមគួរឱ្យចាប់អារម្មណ៍ចំនួន៣ ដែលពាក់ព័ន្ធនឹងបឹងទន្លេសាប និងទន្លេសាប។
សម្តេចតេជោបានថ្លែងថា នៅកាលដែលលោក ណាំ ទុំ ធ្វើជាអភិបាលខេត្តកំពង់ធំ ធ្លាប់មានបញ្ញាវន្តម្នាក់ បានលើកឡើងនូវគំនិតផ្ដួចផ្ដើមស្ដារបឹងទន្លេសាប។ សម្តេច ថា ពិតណាស់ បឹងទន្លេសាប និងទន្លេសាប គឺកាន់តែឈានទៅរកការគោករាក់ ប៉ុន្តែកម្ពុជា នៅមិនទាន់មានធនធានហិរញ្ញវត្ថុ ក្នុងការស្ដារនៅឡើយទេ។
សម្ដេចតេជោ បានបន្តថា យើងមិនមែនទុកឱ្យបឹងទន្លេសាប គោករាក់នោះទេ ប៉ុន្តែយើងមិនទាន់មានលទ្ធភាព ហើយយើងនៅតែប្រឹងជម្នះ ដើម្បីបូមស្ដារ និងធ្វើចរាចរណ៍តាមផ្លូវទឹក ។
សម្តេច បានបន្តទៀតថា នៅមុនឆ្នាំ២០០៨ មានអតីតតំណាងរាស្ត្រខេត្តកំពង់ធំ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានស្នើសម្ដេច ឱ្យអនុម័តគម្រោងដាក់ឫស្សីច្រោះកាត់ទន្លេសាប ដើម្បីកាត់បន្ថយទឹកហូរធ្លាក់ពីទន្លេសាប ទៅទន្លេមេគង្គ ធ្វើយ៉ាងណារក្សាទុកទឹកនៅបឹងទន្លេសាប និងទន្លេសាបនៅរដូវប្រាំង។ សម្ដេច បញ្ជាក់ទៅវិញថា គំនិតចង់ធ្វើការងារនេះនឹងស្ទះដល់ការធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាជន។ នៅពេលពួកគាត់អុំទូក ឬបើកកាណូតកាត់បឹងទន្លេសាប ទន្លេសាប នោះវានឹងស្ទះជាមួយរបាំងឫស្សីដែលយើងដាក់កាត់ទន្លេនោះ។
សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ថ្មីៗនេះ ក៏មានគំនិតផ្ដួចផ្ដើមមួយទៀត គឺធ្វើទំនប់ទប់ទន្លេសាបតែម្ដង ដើម្បីពេលទឹកឡើងបើកចូល ពេលទឹកស្រកបិទទឹកទុក។ សម្ដេចបកស្រាយវិញថា គំនិតនេះ ក៏នឹងប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាជនដូចគំនិតមុននោះដែរ។ គេនៅចាំបានថា គំនិតធ្វើទំនប់ទប់ទន្លេសាបចុងក្រោយនេះ គឺត្រូវបានលើកឡើងដោយលោកបណ្ឌិត សុខ ទូច កាលពីអំឡុងឆ្នាំ២០២២កន្លងទៅ តាមរយៈសន្និសីទមួយនៅរាជបណ្ឌិត្យសភាកម្ពុជា។
សម្តេច បានបង្ហាញការមិនយល់ស្របនឹងគំនិតដែលចង់បិទទំនប់ទប់ទន្លេសាបកុំឱ្យទឹកហូរចូលទៅទន្លេមេគង្គវិញនៅរដូវប្រាំង ដោយហេតុថា គម្រោងនេះនឹងប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវទឹករបស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែរថា នៅពេលអនុវត្តគម្រោងធ្វើស្ពានឆ្លងកាត់ទន្លេ ស្ទឹង ព្រែកជាដើម គឺត្រូវគិតទៅលើការបើកច្រក ឬប្រឡោះសម្រាប់ចរាចរណ៍តាមផ្លូវទឹកឱ្យបានងាយស្រួល៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


