សម្តេចតេជោ ហ៊ុន សែន ផ្ដល់ការណែនាំសំខាន់ៗមួយចំនួន ដោយសង្កត់ធ្ងន់ថា សន្តិភាពជំរុញការអភិវឌ្ឍ និងស្រូបទាញទេសចរ

កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការណែនាំសំខាន់ៗមួយចំនួន៦ ដោយសង្កត់ធ្ងន់ថា សន្តិភាពជំរុញការអភិវឌ្ឍសង្គម អភិវឌ្ឍវិស័យទេសចរណ៍ និងជួយស្រូបទាញចរន្តភ្ញៀវទេសចរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែរនាំនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ ។ ការណែនាំសំខាន់ៗ ដែលសម្តេចតេជោ បានលើកឡើងនោះ រួមមាន៖

-ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់គ្នាចាំបាច់ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជននៅលើពិភពលោក។ បច្ចុប្បន្ន កម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិនិងអន្តរជាតិនៅគ្រប់ទីកន្លែងជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩។ សម្ដេចសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាព ក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព ក៏គ្មានអ្វីៗទាំងអស់»។ ដូច្នេះសម្ដេចតេជោបានស្នើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសរួបរួមគ្នារក្សាការពារនូវសន្តិភាពដែលយើងរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះនោះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។

-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ។ ក្នុងន័យនេះ តំបន់ទេសចរណ៍ទាំងអស់ ទាំងខេត្តកំពង់ធំ តាមបណ្តាខេត្តជាប់ដងទន្លេ និងគ្រប់ទីកន្លែង ជាពិសេសតំបន់ដែលមានភ្ញៀវទេសចរទៅទស្សនា គឺត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

  • ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹង-ទន្លេសាបត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣នៃផ្ទៃបឹងទន្លេសាបឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។
  • ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនជាដើម ជាពិសេសពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាប និងបឹងទន្លេសាប ការតភ្ជាប់ស្ពាន និងផ្លូវពីកំពង់ឆ្នាំងមកកំពង់ធំ។
  • ត្រូវបន្តជំរុញការផលិតដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅនាំចេញនៅនឹងកន្លែង។ ប្រជាពលរដ្ឋកម្ពុជាមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រឡប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់។ កម្ពុជាត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដា បម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍។ ដោយឡែក សម្រាប់ខេត្តកំពង់ធំដែលសម្បូរដោយផលិតផលកសិកម្មជាច្រើន សម្ដេចតេជោក៏បានស្នើក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចផ្តល់អាទិភាពក្នុងជំរុញការដាំដុះផលិត និងស្វែងរកទីផ្សារ ស្របតាមគោលនយោបាយជំរុញវិស័យកសិកម្ម ដែលជាវិស័យ អាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសដូចករណីស្វាយចន្ទី ដែលរាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយជំរុញដំណាំនេះ កាលពីពេលថ្មីៗ។

-ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងវិស័យឯកជនសូមចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះប្រកបដោយជោគជ័យ និងចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងសហការថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថាន» ដែលកត្តាចម្បងមិនអាចខ្វះបានក្នុងការថែរក្សាតំបន់តាមដងទន្លេឱ្យស្រស់ស្អាត យូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្ដេច បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការ-អភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីឱ្យតំបន់តាមដងទន្លេក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រឱ្យមានការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយឆ្លាស់វេនគ្នា នៅតាមបណ្តាខេត្តជាប់ដងទន្លេ និងបណ្តាខេត្ត ដែលមានខ្សែទឹកជាប់ទន្លេនានា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner