សម្ដេចតេជោ ហ៊ុន សែន៖ ស្ថានីយបូមទឹកក្នុងខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាល ចំណាយលុយទិញប្រមាណជិត ២លានដុល្លារ ដើម្បីបន្ថយថ្លៃចំណាយរបស់កសិករ

កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ស្ថានីយបូមទឹកទាំងអស់ក្នុងខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាល ចំណាយលុយទិញប្រមាណជិត២លានដុល្លារ ដើម្បីបន្ថយថ្លៃចំណាយរបស់កសិករ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៧នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយប្រមាណជិត ២លានដុល្លារ ទិញស្ថានីយបូបទឹកទាំងអស់ក្នុងខេត្តកំពង់ធំ សំដៅកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ក្នុងការបូបទឹកសម្រាប់បង្កបង្កើនផល។ សម្ដេច បញ្ជាក់ថា មុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាលើថ្លៃបូបទឹកដាក់ស្រែ ក្នុង១ហិកតា តម្លៃ១,២០០,០០០រៀល ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូបទឹកទាំងអស់នោះ ប្រជាកសិករចំណាយត្រឹមតែ៦០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ហិកតា ដូច្នេះរាជរដ្ឋាភិបាលបានជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋពាក់កណ្ដាល។

សម្ដេចតេជោ បានបន្ថែមថា ក្រៅពីការកាត់បន្ថយការចំណាយថ្លៃបូបទឹកសម្រាប់បង្កបង្កើនផលនេះ រាជរដ្ឋាភិបាល ក៏បានសម្រួលដល់ការចំណាយថ្លៃភ្លើងផងដែរ ដោយរដ្ឋគិតតម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។ សម្ដេច សង្ឃឹមថា តាមរយៈការកាត់បន្ថយចំណាយថ្លៃដើម នៃការផលិតនេះ ប្រជាពលរដ្ឋនឹងទទួលបាននូវផលប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ពិសេសផលចំណេញតែម្ដង។ ចំណុចនេះ សម្ដេចបានលើកទឹកចិត្តឲ្យធ្វើកិច្ចការងារនេះឲ្យបានល្អជាទីបំផុត ទាំងផ្ទៃដីសដែលរដ្ឋផ្ដល់កម្មសិទ្ធិ ទាំងផ្ទៃដីដែលអាស្រ័យផល ត្រូវខិតខំធ្វើយ៉ាងមិចឲ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ពិតប្រាកដពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា អ្វីដែលទាំងអស់ដែលរាជរដ្ឋាភិបាលធ្វើនេះ មិនមែនជាការដាក់ចេញនូវគោលនយោបាយបែបប្រជាភិថុតទេ តែឆ្លងកាត់ការអនុវត្តជាក់ស្ដែង ដែលយើងបាននិងកំពុងធ្វើ និងបន្ដធ្វើតទៅទៀត ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner