ចូលទៅលួចដែក ប៉ូលិសប៉ុស្ដិ៍កាកាបទី២ល្បាតជួបចាប់បានម្នាក់ រត់រួចម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្ដិ៍ដឹកនាំល្បាតផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ ឃាត់ខ្លួន ចំណែកបក្ខពួកម្នាក់ទៀតរត់គេចរួច បន្ទាប់ពីពួកគេនាំគ្នាចូលទៅលួចយកដែកនៅការដ្ឋានសំណង់ ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៣និង៣០នាទីទៀនភ្លឺថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនរួច ឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ (ទាំង២នាក់ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ)។ រីឯជនរងគ្រោះឈ្មោះ ម៉ក់ ណាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពបានឲ្យដឹងថា ពេលដែលកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាបទី២ ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរ អូសដែកចេញពីការដ្ឋានសំណង់ចំណុចខាងលើ ក៏ហៅឃាត់សាកសួរ ស្រាប់តែជនសង្ស័យម្នាក់ដឹងខ្លួនរត់គេចបាត់ ចំណែកជនសង្ស័យម្នាក់អូសរទេះដឹកដែក ត្រូវបានឃាត់ខ្លួនតែម្តង។ ជនសង្ស័យក្រោយពីឃាត់ខ្លួនបានម្នាក់ ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី៕ធ.ដ