ក្រសួងសាធារណការ និងធនាគារកម្ពុជាសាធារណៈ ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាសម្រាប់ការប្រមូលកម្រៃសេវាសាធារណៈ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារកម្ពុជាសាធារណៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់ការប្រមូលកម្រៃសេវាសាធារណៈ។ ពិធីចុះហត្ថលេខាបានត្រូវធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ តាមរយៈកិច្ចព្រមព្រៀងនេះ សាធារណជនអាចទូទាត់កម្រៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា សេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សេវាចេញប័ណ្ណបើកបរ និងសេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅតាមសាខាទាំង៣១ របស់ធនាគារកម្ពុជាសាធារណៈទូទាំងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ លោក ដាតុ ផាន យិងថុង ប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិននៃធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ថា លោកសូមសម្តែងនូវអំណរសាទរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន លើគំនិតផ្តួចផ្តើម និងសមិទ្ធផលដ៏មានតម្លៃ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគមនាមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាការពង្រីកវិសាលភាពនៃផ្លូវរថយន្តក្រុង ការសាងសង់សួនច្បារសាធារណៈ និងចិញ្ចើមផ្លូវក្នុងទីក្រុង ព្រមទាំងសមិទ្ធផលផ្សេងៗទៀត និងទំនើបកម្មនៃសេវាសាធារណៈ ដូចជាការចុះបញ្ជីយានយន្ត និងការទូទាត់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដែលបានចូលរួមចំណែកជាវិជ្ជមាន ក្នុងការទាក់ទាញវិនិយោគ ផ្ទាល់ពីបរទេស និងកាត់បន្ថយចំណាយលើការធ្វើអាជីវកម្ម បូករួមទាំងផ្តល់ភាពងាយស្រួលបន្ថែមដល់សាធារណជនទូទៅ។
លោក ដាតុ ផាន យិងថុង បានគូសបញ្ជាក់ថា ជាក់ស្ដែង ធនាគារកម្ពុជាសាធារណៈពិតជាមានមោទនភាព និងកិត្តិយសក្រៃលែង ក្នុងនាមជាធនាគារពាណិជ្ជដំបូងគេដែលទទួលបានការតែងតាំងដោយក្រសួងសារណការ និងដឹកជញ្ជូន ដើម្បីប្រមូលកម្រៃសេវាសាធារណៈជំនួសឱ្យរាជរដ្ឋាភិបាលដូចជា សេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សេវាចេញប័ណ្ណបើកបរ និងសេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។ លោកបានគូសបញ្ជាក់បន្ថែមថា ការតែងតាំងធនាគារកម្ពុជាសាធារណៈធ្វើជាភ្នាក់ងារប្រមូលសេវាសាធារណៈ មិនត្រឹមតែឆ្លុះបញ្ជាំងពីទំនុកចិត្ត និងភាពជឿជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលលើធនាគារ ក្នុងការប្រមូលចំណូលមូលនិធិសាធារណៈ។
ជាមួយនឹងកំណើនយានជំនិះក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ៤,៥២លានគ្រឿង គិតត្រឹមដំណាច់ឆ្នាំ២០១៨ ឬមានអត្រាកំណើនជាមធ្យម ១៥,៦% ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ដោយក្នុងនោះមានប្រមាណ១៤,៦% ឬ ៦៦០,០០០ គ្រឿងជាយានយន្ត ធនាគារយើងខ្ញុំមានសុទិដ្ឋិនិយមក្នុងការដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានាការប្រមូលចំណូលសេវាសាធារណៈ លើការចុះបញ្ជីយានយន្ដ និងពន្ធមានភាពឆាប់រហ័ស និងប្រសិទ្ធភាព។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ មិនត្រឹមតែត្រួសត្រាយផ្លូវសម្រាប់ការសហការអាជីវកម្មរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារកម្ពុជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការសហការកាន់តែស៊ីជម្រៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀត រួមទាំងសេវាប្រមូលចំណូលតាមប្រព័ន្ធធនាគារអេឡិចត្រូនិកតាមអ៊ីនធើណិត និងទូរសព្ទដៃ និងសេវាកម្មឌីជីថលជាច្រើនទៀតនាពេលអនាគត។
ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា អនុស្សរណៈយោគយល់គ្នានេះ ជាការប្រពៃណាស់ អាចជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈងាយស្រួល ក្នុងការទទួលសេវាសាធារណៈ ចំណេញពេលវេលារហ័ស និងកាត់បន្ថយចំណាយ ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាននឹងកំពុងតែខិតខំអភិវឌ្ឍន៍ និងកែទម្រង់ធ្វើយ៉ាងណាឱ្យវិស័យសេវាសាធារណៈកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាពផងដែរ៕ធ.ដ