ការផ្ដាច់ការទូតជាមួយតៃវ៉ាន់ ហើយងាកទៅរកចិនរបស់ហុងឌូរ៉ាស បង្កើនអំណាចភូមិសាស្ត្រនយោបាយរបស់ក្រុងប៉េកាំង

ហុងឌូរ៉ាស៖ការសម្រេចចិត្តរបស់ហុងឌូរ៉ាសក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ហើយងាកទៅគាំទ្រប្រទេសចិន គឺជាសញ្ញាចុងក្រោយមួយផ្សេងទៀតអំពីការកើនឡើងឥទ្ធិពលរបស់ក្រុងប៉េកាំងនៅអាមេរិកឡាទីន។

អស់ជាច្រើនទសវត្សរ៍មកនេះមហាអំណាចចិនបានចំណាយលុយរាប់ពាន់លានដុល្លារក្នុងគម្រោងវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ ហើយបច្ចុប្បន្ននេះស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងប្រទេសចិន និងអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាល ចូ បៃដិន ការចំណាយនោះក៏លេចចេញជាលទ្ធផល។

ការសម្រេចចិត្តរបស់ហុងឌូរ៉ាស គឺជាជ័យជម្នះគោលនយោបាយការបរទេសលើកទី២ក្នុងរយៈពេលមួយសប្តាហ៍សម្រាប់ប្រទេសចិន ដែលកាលពីសប្ដាហ៍មុន បានសម្របសម្រួលដោយជោគជ័យលើកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ។

ឥឡូវនេះ នៅសល់តែប្រទេសចំនួន ១៣ ប៉ុណ្ណោះដែលទទួលស្គាល់កោះតៃវ៉ាន់។ យ៉ាងណាមិញ ប្រទេសមួយចំនួននៅអាមេរិកឡាទីន ដូចជាប៉ារ៉ាហ្គាយ និងហ្គាតេម៉ាឡាជាដើម បានសន្យាកាលពីថ្ងៃពុធថា ខ្លួននឹងរក្សាការគាំទ្ររបស់ពួកគេចំពោះក្រុងតៃប៉ិ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងការបរទេសរបស់ហុងឌូរ៉ាស លោក Enrique Reina បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន អេភី(AP) កាលពីថ្ងៃពុធថា ហុងឌូរ៉ាស «ស្គាល់ពីតម្លៃ» នៃទំនាក់ទំនងជាមួយកោះតៃវ៉ាន់នាពេលកន្លងមក ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសជាមួយចិន ជំរុញឱ្យរដ្ឋាភិបាលត្រូវកាត់ចំណងការទូតនេះ។

លោក Reina បន្តថា៖ «នេះជាការសម្រេចចិត្តខាងនយោបាយ។ ពិភពលោកបាន និង កំពុងដើរទៅក្នុងទិសដៅនេះ។ វាគឺជាការសម្រេចចិត្តដ៏ស្មុគស្មាញមួយ។ យើងយល់ ប៉ុន្តែគោលនយោបាយការបរទេសរបស់ហុងឌូរ៉ាសគួរតែស្វែងរកផលប្រយោជន៍ដល់ប្រជាជន។ យើងជឿថាជំហាននេះនឹងផ្តល់ប្រយោជន៍ដល់ប្រទេស»។

ទន្ទឹមនឹងការថ្លែងបែបនេះ លោក Reina បានថ្លែងប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Canal 5 របស់ប្រទេសកាលពីថ្ងៃពុធដដែលថា ការកើនឡើងនៃបំណុល និងតម្រូវការសម្រាប់ការវិនិយោគបន្ថែមទៀត បានជំរុញឱ្យមានការសម្រេចចិត្តងាកទៅភ្ជាប់ចំណងទំនាក់ទំនងជាមួយចិន។ លោកបន្តថា៖ «ស្ថានភាពពិភពលោកស្មុគស្មាញ។យើងត្រូវបើកចំហ។ យើងត្រូវការការវិនិយោគ។ យើងត្រូវការកិច្ចសហប្រតិបត្តិការ»។

ការសម្រេចចិត្តរបស់ហុងឌូរ៉ាស ដែលប្រកាសឡើងដោយលោកស្រីប្រធានាធិបតី Xiomara Castro កាលពីថ្ងៃអង្គារ ត្រូវបានធ្វើឡើងតាមជំហានរបស់ប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀតរួមមាន អែលសាល់វ៉ាឌ័រ នីការ៉ាក្វា ប៉ាណាម៉ា កូស្ដារីកា និងសាធារណរដ្ឋដូមីនិក ដែលសុទ្ធតែផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ហើយងាកទៅរកចិនដូចគ្នា។

អ្នកវិភាគមើលឃើញថា ការផ្លាស់ប្ដូរគោលនយោបាយរបស់ប្រទេសអាមេរិកកណ្ដាលមួយនេះ គឺជាការវាយលុកផ្នែកការទូតមួយដល់រដ្ឋបាល បៃដិន ដែលមិនបានព្យាយាមបញ្ជុះបញ្ជូលប្រទេសផ្សេងៗឱ្យនៅជាប់ជាមួយក្រុងតៃប៉ិ។ តៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក គឺជាកោះដែលស្វ័យគ្រប់គ្រង ហើយបដិសេធការទាមទាររបស់ចិន ដែលថាកោះជាផ្នែកមួយនៃទឹកដីរបស់ចិន។

សាស្ត្រាចារ្យស្រាវជ្រាវអំពីបញ្ហាទាក់ទងនឹងប្រទេសចិននៅសកលវិទ្យាល័យ Externado របស់ប្រទេសកូឡុំប៊ី លោក David Castrillon-Kerrigan បានថ្លែងប្រាប់ AP ថា ជំហានរបស់ហុងឌូរ៉ាសជាឧទាហរណ៍បង្ហាញថា រដ្ឋាភិបាលអាមេរិកកំពុងបាត់បង់ទំនាក់ទំនងអាមេរិកឡាទីនទៅចិន។ លោកបន្តថា៖ «[សហរដ្ឋអាមេរិក] ពិតជាកំពុងបាត់បង់ឥទ្ធិពលលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច ការទូត នយោបាយ និងវប្បធម៌»។

ជុំវិញទំនាក់ទំនងនេះ លោករដ្ឋមន្ត្រីហុងឌូរ៉ាស លោក Reina បានប្រាប់ AP ថា រដ្ឋបាល បៃដិន «ត្រូវតែយល់ និងគោរព» តម្រូវការ និងការសម្រេចចិត្តរបស់ហុងឌូរ៉ាស។

ប្រទេសផ្សេងទៀតដូចជាប៉ារ៉ាហ្គាយ និងហ្គាតេម៉ាឡា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្ររបស់ពួកគេចំពោះតៃវ៉ាន់។ មន្ត្រីហ្គាតេម៉ាឡា បានរំឭកឡើងវិញពីការទទួលស្គាល់របស់ខ្លួនថាតៃវ៉ាន់ជាប្រទេសឯករាជ្យ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដូចគ្នា។

គួរបញ្ជាក់ថា ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបង្កើនឥទ្ធិពលរបស់ខ្លួនបន្តិចម្ដងៗនៅអាមេរិកឡាទីន តាមរយៈទំនាក់ទំនងសេដ្ឋកិច្ច ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ថាមពល និងគម្រោងអវកាសជាដើម។ យោងតាមវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក នៅចន្លោះឆ្នាំ ២០០៥ និង ២០២០ ចិនបានធ្វើការវិនិយោគសរុបជាទឹកប្រាក់ជាង ១៣០ ប៊ីលានដុល្លារនៅអាមេរិកឡាទីន ខណៈពាណិជ្ជកម្មរវាងចិន និងតំបន់ក៏បានកើនឡើងដែរ ដែលគេរំពឹងថានឹងឡើងដល់ ៧០០ ប៊ីលានដុល្លារនៅឆ្នាំ ២០៣៥។

ការវិនិយោគរបស់ចិន គឺជាថ្នូរអាចឱ្យចិនបង្កើនអំណាចក្នុងតំបន់របស់ខ្លួន ហើយមានសម្ព័ន្ធមិត្តកាន់តែច្រើនឡើងៗ។ សម្រាប់ហុងឌូរ៉ាស ដែលជាប្រទេសក្រីក្របំផុតក្នុងតំបន់ ចិនទទួលបានថ្នូរទាំងនោះតាមរយៈការវិនិយោគផ្សេងៗ ដូចជាការសាងសង់គម្រោងទំនប់វារីអគ្គិសនីនៅកណ្តាលប្រទេស ដោយក្រុមហ៊ុនចិន SINOHYDRO ជាមួយនឹងហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិនប្រហែល ៣០០ លានដុល្លារ។

ផ្ទុយទៅវិញ អាមេរិកមិនបានបោះជំហានដូចចិននោះទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយកាលពីថ្ងៃពុធថា៖ «រដ្ឋាភិបាលហុងឌូរ៉ាសគួរតែដឹងថា PRC (សាធារណៈរដ្ឋប្រជាមានិតចិន) ធ្វើការសន្យាជាច្រើនដែលមិនបានសម្រេច។ យើងនឹងបន្តតាមដានជំហានបន្ទាប់យ៉ាងដិតដល់»។

ខណៈមានសុទិដ្ឋិនិយមចំពោះការវិនិយោគរបស់ចិន អ្នកវិភាគមួយចំនួន រួមទាំងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Miami លោក June Teufel បានព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែង។ លោក Teufel បាននិយាយថា ចិនកំពុងបង្ហាញឥទ្ធិពលថ្មីថាជា «អាវុធផ្នែកការទូត»។

ក្រៅពីនេះ កន្លងមកចិនក៏រងការចោទប្រកាន់ផងដែរថា ប្រើសំណូកដើម្បីសម្រេចគោលបំណងការទូតរបស់ខ្លួន។ កាលពីសប្តាហ៍មុន ប្រធានាធិបតីនៃកោះមីក្រូនេស៊ី លោក David Panuelo បានចោទប្រកាន់ប្រទេសចិនពី «សង្គ្រាមនយោបាយ» ក្នុងការប៉ុនប៉ងដើម្បីរារាំងប្រទេសប៉ាស៊ីហ្វិកមួយនេះ ពីការប្តូរទំនាក់ទំនងពីទីក្រុងប៉េកាំងទៅតៃប៉ិ៕
ប្រែសម្រួល៖ហួន ឌីណា

ads banner